អង្គការ AHF កម្ពុជា នឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យមានការឆ្លើយតបនឹងមេរោគអេដស៍
25-11-2026 10:31
(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) តំណាងរាជរដ្ឋាភិបាល រួមជាមួយអង្គការសង្គមស៊ីវិល នឹងរៀបចំពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅតំបន់ថ្មើរជើងនៃផ្សាររាត្រី តាមបណ្តោយមាត់ទន្លេព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ដើម្បីអំពាវនាវដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ភាគីពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា និងថ្នាក់ដឹកនាំនានាជុំវិញពិភពលោក ឱ្យពង្រឹងការប្តេជ្ញាចិត្តឡើងវិញក្នុងការឆ្លើយតបនឹងមេរោគអេដស៍។
ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៦ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ កម្ពុជា (AHF) អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដឹងថា ជំងឺអេដស៍/មេរោគអេដស៍មិនទាន់បញ្ចប់នៅឡើយទេ ទាមទារឱ្យមានសកម្មភាពឆ្លើយតបបន្ទាន់នៅពេលនេះ។ ការប្តេជ្ញាចិត្តនេះរួមមាន៖ ការពង្រីកលទ្ធភាពទទួលបានសេវាបង្ការ ការធ្វើតេស្ត និងការព្យាបាល, ការពង្រឹងការបន្តទទួលសេវាថែទាំ, និងការដាក់ឱ្យយុទ្ធសាស្ត្រ «ការព្យាបាលជាវិធានការបង្ការ» (Treatment as Prevention TasP) ជាអាទិភាពចម្បង។
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៦ របស់អង្គការ AHF កម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៤:០០ រសៀល ដល់ម៉ោង ៩:០០ យប់ នៅតំបន់ថ្មើរជើងនៃផ្សាររាត្រី តាមបណ្តោយមាត់ទន្លេព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងមានការសម្តែងសិល្បៈ ការចែកស្រោមអនាម័យ ការសួរ-ឆ្លើយទទួលរង្វាន់ និងការធ្វើតេស្តរកមេរោគដោយឥតគិតថ្លៃ។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០ រសៀល ដល់ម៉ោង ៦:០០ ល្ងាច នៅតំបន់ប្រវត្តិសាស្ត្រវត្តភ្នំ នឹងមានការដើរក្បួនយុទ្ធនាការដ៏ធំ និងសកម្មភាពក្រើនរំលឹកផ្សេងៗទៀត។
សូមបញ្ជាក់ដែរថា ទោះបីជាមានវឌ្ឍនភាពជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ ក៏នៅឆ្នាំ២០២៥ មានមនុស្សប្រមាណ ១,២លាននាក់បានឆ្លងមេរោគអេដស៍ ហើយមនុស្ស ៥៧០,០០០នាក់បានស្លាប់ដោយសារមូលហេតុពាក់ព័ន្ធនឹងជំងឺអេដស៍។ ក្នុងចំណោមមនុស្សប្រមាណ ៤១លាននាក់ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ទូទាំងពិភពលោក មានប្រហែល ៥លាននាក់មិនទាន់បានដឹងថាខ្លួនមានមេរោគនេះ (មិនទាន់បានធ្វើតេស្តរកឃើញ) ហើយជាង ៩លាននាក់ទៀតមិនបានទទួលការព្យាបាល។
លើសពីនេះ មនុស្សប្រមាណ ១០,៦លាននាក់ មិនអាចទប់ស្កាត់មេរោគក្នុងខ្លួនឱ្យស្ថិតក្នុងកម្រិតទាប (Viral Suppression) បានទេ។ ចំណុចនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តទទួលការព្យាបាល និងការរក្សាកម្រិតមេរោគឱ្យនៅទាប ដែលជាកត្តាជួយការពារការចម្លងមេរោគអេដស៍តាមរយៈការរួមភេទ។
នៅក្នុងប្រទេសកម្ពុជា ទោះបីជាកម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅអាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ របស់ UNAIDS ក៏ដោយ ក៏នៅតែមានចន្លោះប្រហោងសំខាន់ៗមួយចំនួន។ ចន្លោះប្រហោងទាំងនេះរួមមាន ការស្វែងរកមនុស្សប្រមាណ ៤,០០០នាក់ដែលរស់នៅជាមួយមេរោគអេដស៍ ប៉ុន្តែមិនទាន់បានទទួលការធ្វើរោគវិនិច្ឆ័យ និងការធានាឱ្យមានការបន្តទទួលការព្យាបាល ក៏ដូចជាការបង្ការមេរោគអេដស៍ ក្នុងចំណោមក្រុមប្រជាជនគន្លឹះ (ដូចជា បុរសស្រឡាញ់បុរស អ្នកបម្លែងភេទ និងអ្នកធ្វើការក្នុងសេវាកម្សាន្ត)។
ក្រុមទាំងនេះមានចំនួនដល់ទៅ ៨៤% នៃករណីឆ្លងថ្មីចំនួន ៩៥៨ករណី ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៥។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងសម្រេចបាននូវគោលដៅកាត់បន្ថយករណីឆ្លងថ្មីឱ្យនៅក្រោម ២៥០ករណីក្នុងមួយឆ្នាំត្រឹមឆ្នាំ២០៣០ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធចាំបាច់ត្រូវបង្កើនការផ្តល់មូលនិធិក្នុងស្រុក ដើម្បីជំនួសជំនួយអន្តរជាតិដែលកំពុងថយចុះ ដោយរួមបញ្ចូលសេវាថែទាំមេរោគអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈទូទៅ និងបន្តសកម្មភាពផ្សព្វផ្សាយដែលដឹកនាំដោយសហគមន៍ ដើម្បីលុបបំបាត់ការមាក់ងាយ និងការរើសអើង។
ជាផ្នែកមួយនៃការអំពាវនាវឱ្យមានសកម្មភាពឆ្លើយតបជាសកល ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍របស់អង្គការ AHF កម្ពុជា នឹងប្រមូលផ្តុំសហគមន៍មូលដ្ឋាន យុវជន និងដៃគូផ្នែកសុខាភិបាល ដើម្បីលើកកម្ពស់ការធ្វើតេស្តរកមេរោគអេដស៍ដោយឥតគិតថ្លៃ និងរក្សាការសម្ងាត់ ព្រមទាំងចែកជូនស្រោមអនាម័យ និងបង្កើនការយល់ដឹងអំពីការដោះស្រាយចន្លោះប្រហោងក្នុងការទទួលបានការព្យាបាល។ តាមរយៈសកម្មភាពអប់រំជាមួយការកម្សាន្ត ការផ្សព្វផ្សាយក្នុងចំណោមមិត្តភក្តិ និងស្តង់ធ្វើតេស្តដោយគ្មានការរើសអើង យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងក្រុមដែលមានហានិភ័យខ្ពស់ ឱ្យបានដឹងពីស្ថានភាពសុខភាពរបស់ខ្លួន និងអាចទទួលបានសេវាថែទាំសុខភាពដែលជួយសង្គ្រោះជីវិតបាន៕








