* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

រដ្ឋមន្ត្រីការពារជាតិ ដាក់ចេញអនុសាសន៍ ៥ចំណុច ដោយសង្កត់ធ្ងន់លើការធានាសុវត្ថិភាព ១០០% ក្នុងសមយុទ្ធនាគមាស ២០២៦ នៅមូលដ្ឋានសមុទ្ររាម

25-11-2026 11:09

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៥ចំណុច ដល់គណៈកម្មការដឹកនាំសមយុទ្ធ ទីបញ្ជាការចម្រុះ និងកងកម្លាំងទាំងពីរកម្ពុជា-ចិន ដោយសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់បំផុតលើការធានាសុវត្ថិភាព ១០០% ទាំងចំពោះអាយុជីវិតកងកម្លាំង យុទ្ធោបករណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងបរិស្ថានជុំវិញ ក្នុងអំឡុងពេលដំណើរការសមយុទ្ធ «នាគមាស ឆ្នាំ២០២៦»។

ការដាក់ចេញនូវអនុសាសន៍ដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកជាផ្លូវការនៃសមយុទ្ធ «នាគមាស ឆ្នាំ២០២៦» នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយមានការអញ្ជើញចូលរួមពី ឧត្តមនាវីទោ លីវ ស៊ូមីង (Liu Shuming) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក ទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន , នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងកងកម្លាំងចម្រុះនៃភាគីទាំងពីរ។

ថ្លែងទៅកាន់អង្គពិធី ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា ដើម្បីឱ្យសមយុទ្ធនាគមាស ២០២៦ ប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក គណៈកម្មការដឹកនាំសមយុទ្ធ ទីបញ្ជាការចម្រុះ និងកងកម្លាំងទាំងពីរ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ទាំង ៥ចំណុច ដូចខាងក្រោម៖

* ទី១៖ ពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។ កងកម្លាំងនៃប្រទេសទាំងពីរត្រូវរក្សាទំនាក់ទំនងល្អប្រពៃ ស្មោះត្រង់ គោរពគ្នាទៅវិញទៅមក យោគយល់អធ្យាស្រ័យ ចេះជួយគ្នាក្នុងគ្រាលំបាក និងខិតខំរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍ដោយបើកចំហ ដើម្បីប្រែក្លាយទីលានហ្វឹកហ្វឺននេះឱ្យទៅជាស្ពានផ្សារភ្ជាប់មនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកងទ័ព និងប្រជាជនរបស់ប្រទេសទាំងពីរ។

* ទី២៖ យកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបញ្ហាសុវត្ថិភាព។ ដោយសារសមយុទ្ធនេះមានទ្រង់ទ្រាយធំ រយៈពេលយូរ និងមានការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ធុនធ្ងន់ នាវាចម្បាំង ឧទ្ធម្ភាគចក្រ ដ្រូន បច្ចេកវិទ្យាទំនើប និងគ្រាប់រំសេវពិតមួយចំនួន គណៈកម្មការដឹកនាំ ទីបញ្ជាការចម្រុះ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់មុនពេលអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់បំផុតនូវបទបញ្ជាបច្ចេកទេស នីតិវិធីប្រតិបត្តិការស្តង់ដារ និងវិធានការសុវត្ថិភាពគ្រប់ដំណាក់កាល ដើម្បីធានាបាននូវសុវត្ថិភាពទាំងស្រុង ១០០% ចំពោះអាយុជីវិតកងកម្លាំង យុទ្ធោបករណ៍ ប្រជាពលរដ្ឋនៅមូលដ្ឋាន និងបរិស្ថានជុំវិញ។

* ទី៣៖ គោរពវិន័យកងទ័ព និងបទបញ្ជាផ្ទៃក្នុង។ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិន័យកងទ័ព បទបញ្ជាផ្ទៃក្នុងនៃទីលានហ្វឹកហ្វឺន គោរពច្បាប់ ទម្លាប់ និងប្រពៃណីវប្បធម៌របស់ប្រទេសទាំងពីរ ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ការហូបចុក និងការស្នាក់នៅឱ្យបានល្អ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពខ្ពស់នៃការហ្វឹកហ្វឺនរហូតដល់ថ្ងៃបញ្ចប់។

* ទី៤៖ ពង្រឹងការសម្របសម្រួល និងការផ្សព្វផ្សាយព័ត៌មាន។ ក្រុមការងារសម្របសម្រួល អ្នកបកប្រែ និងក្រុមការងារព័ត៌មាននៃភាគីទាំងពីរ ត្រូវធានាឱ្យបាននូវការទំនាក់ទំនង និងសហការគ្នាជិតស្និទ្ធ ដើម្បីបញ្ជូនព័ត៌មាន និងបទបញ្ជាបានច្បាស់លាស់ក្នុងពេលហ្វឹកហ្វឺន ព្រមទាំងផ្សព្វផ្សាយអំពីអត្ថន័យ និងសកម្មភាពវិជ្ជមាននៃសមយុទ្ធនេះជូនសាធារណជនជាតិ និងអន្តរជាតិបានជ្រាបពីគោលបំណងពិតប្រាកដ ចៀសវាងការបកស្រាយឱ្យមានការភាន់ច្រឡំណាមួយ។

* ទី៥៖ ការបូកសរុប និងដកពិសោធន៍។ ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននីមួយៗ និងនៅពេលបញ្ចប់សមយុទ្ធទាំងមូល គណៈកម្មាធិការដឹកនាំសមយុទ្ធ ត្រូវរៀបចំការបូកសរុប វាយតម្លៃ និងដកពិសោធន៍ឱ្យបានស៊ីជម្រៅ អំពីចំណុចខ្លាំង និងចំណុចខ្វះខាត ដើម្បីធ្វើជាមូលដ្ឋានក្នុងការកែលម្អ និងអភិវឌ្ឍការរៀបចំសមយុទ្ធរួមគ្នានៅឆ្នាំបន្តបន្ទាប់ទៀត ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ជាងនេះ។

សូមបញ្ជាក់ថា សមយុទ្ធ «នាគមាសឆ្នាំ២០២៦» គឺជាសមយុទ្ធទ្វេភាគីលើកទី៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បន្ទាប់ពីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦ និងរៀបចំដោយជោគជ័យចំនួន ៧លើករួចមកហើយ។ សមយុទ្ធឆ្នាំនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ ដោយមានកម្លាំងចូលរួមសរុបចំនួន ២,៩៤០នាក់ (កម្ពុជា១,៦២៦នាក់ និងចិន១,៣១៤នាក់)។

សមយុទ្ធនេះ ធ្វើការហ្វឹកហាត់លើខ្លឹមសារធំៗចំនួន ២ គឺ ទី១៖ ការហ្វឹកហាត់ជើងគោក និងអាកាស (នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី) ដែលផ្តោតលើការហ្វឹកហាត់បរិក្ខារគ្មានមនុស្ស និងប្រឆាំងបរិក្ខារគ្មានមនុស្ស, ការការពារការចាប់ជំរិតចំណាប់ខ្មាំង, ការវាយប្រហារភេរវករ និងរំដោះចំណាប់ខ្មាំង និងការហ្វឹកហាត់ជំនាញ។ និង ទី២៖ ការហ្វឹកហាត់ជើងទឹក និងអាកាស (នៅមូលដ្ឋានសមុទ្ររាម មូលដ្ឋានទ័ពអាកាសកងកេង និងតំបន់សមុទ្រខេត្តព្រះសីហនុ) ដែលផ្តោតលើការសហការស៊ើបការណ៍ និងយាមល្បាត, ការវាយប្រហារលើសមុទ្រ និងអាកាស និងការសហការរុករកជួយសង្គ្រោះលើសមុទ្រ និងលើសមុទ្រ-លើអាកាស។

ចំពោះយុទ្ធោបករណ៍ដែលត្រូវប្រើប្រាស់ក្នុងសមយុទ្ធ រួមមាន កាំភ្លើងធំ កាំភ្លើងត្បាល់ រថក្រោះ អាវុធប្រឆាំងរថក្រោះ ប្រព័ន្ធការពារអាកាស ដ្រូន ឧបករណ៍ប្រឆាំងដ្រូន រ៉ាដា ឧទ្ធម្ភាគចក្រ នាវា សម្ភារៈការពារគីមីសាស្ត្រ បរិក្ខារបោសសម្អាតវត្ថុរារាំង រថយន្តសង្គ្រោះ រថយន្តដឹកជញ្ជូន និងអាវុធធុនស្រាលមួយចំនួន ខណៈអគ្គបញ្ជាការដ្ឋានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់សមយុទ្ធ កុំមានការភិតភ័យចំពោះសកម្មភាពចល័តទ័ព ឬការប្រើប្រាស់គ្រាប់ពិតក្នុងអំឡុងពេលហ្វឹកហ្វឺននេះផងដែរ៕