មេបញ្ជាការទ័ពជើងទឹកចិន បញ្ជាក់ជំហរយ៉ាងច្បាស់ថា សមយុទ្ធនាគមាស ២០២៦ មិនសំដៅលើភាគីទីបី និងមិនពាក់ព័ន្ធនឹងបញ្ហារសើបក្នុងតំបន់ឡើយ
25-11-2026 11:46
(ព្រះសីហនុ)៖ ឧត្តមនាវីទោ លីវ ស៊ូមីង (Liu Shuming) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក ទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សមយុទ្ធរួមគ្នា «នាគមាស ឆ្នាំ២០២៦» រវាងកងទ័ពចិន និងកម្ពុជា គឺប្រកាន់ខ្ជាប់នូវប្រធានបទ «សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ» ដោយពុំមានគោលបំណងសំដៅទៅលើភាគីទីបីណាមួយឡើយ ហើយក៏មិនពាក់ព័ន្ធជាមួយនឹងស្ថានភាពក្នុងតំបន់ ឬបញ្ហារសើបណាមួយនោះដែរ។
ការប្រកាសបញ្ជាក់ជំហរនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកជាផ្លូវការនៃសមយុទ្ធ «នាគមាស ឆ្នាំ២០២៦» នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងកងកម្លាំងចម្រុះនៃភាគីទាំងពីរ។
ថ្លែងទៅកាន់អង្គពិធី ឧត្តមនាវីទោ លីវ ស៊ូមីង បានគូសបញ្ជាក់ពីគោលដៅពិតប្រាកដនៃសមយុទ្ធទ្វេភាគីនេះ យ៉ាងដូច្នេះថា៖ «សូមបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា សុទ្ធតែជាប្រទេសសំខាន់ៗក្នុងតំបន់ ដែលស្រឡាញ់សន្តិភាព។ យើងរៀបចំសមយុទ្ធរួមគ្នានាគមាស ប្រកាន់ខ្ជាប់នូវប្រធានបទ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ខ្លឹមសារមិនសំដៅទៅលើភាគីទីបីណាទេ មិនពាក់ព័ន្ធជាមួយនឹងស្ថានភាពក្នុងតំបន់ ឬបញ្ហារសើបណាមួយទេ។ មេរៀនក្នុងសមយុទ្ធត្រូវបានរៀបចំឡើងដោយសំដៅទៅលើប្រធានបទសន្តិសុខជាក់ស្តែង ពោលគឺប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងចោរសមុទ្រ និងផ្តោតសំខាន់ទៅលើសកម្មភាពមនុស្សធម៌»។
មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវរូបនេះ បានបន្ថែមថា ការរៀបចំសមយុទ្ធនេះឡើង គឺដើម្បីផ្សព្វផ្សាយនូវឆន្ទៈដ៏មាំមួនរបស់ប្រទេសទាំងពីរ ចិននិងកម្ពុជា ក្នុងការពួតដៃគ្នាអនុវត្តតាមកុងសង់ស៊ីសសំខាន់ៗរបស់ប្រមុខរដ្ឋ ក៏ដូចជាអនុវត្តគំនិតផ្តួចផ្តើមសកលទាំង ៤ ដែលបានសម្តែងបញ្ជាក់យ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្តមោះមុត និងសមត្ថភាពខ្លាំងក្លារបស់កងទ័ពទាំងពីរ ក្នុងការចាប់ដៃគ្នាឆ្លើយតបទៅនឹងសេចក្តីប្រឈមនានា ដើម្បីថែរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់។
តាងនាមយោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ឧត្តមនាវីទោ លីវ ស៊ូមីង ក៏បានលើកឡើងនូវសេចក្តីសង្ឃឹម ៣ចំណុច សម្រាប់សមយុទ្ធលើកទី៨ នេះ រួមមាន៖ ទី១. ពង្រឹងមិត្តភាពប្រពៃណី ហើយប្រយុទ្ធដោយកៀកស្មាគ្នា, ទី២. ប្រកាន់ស្តង់ដារយ៉ាងតឹងរ៉ឹង ដើម្បីធ្វើការហ្វឹកហ្វឺន និងទី៣. ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ ដើម្បីលើកតម្កើងសមត្ថភាពប្រតិបត្តិការចម្រុះ។ ជាពិសេស លោកបានណែនាំឱ្យកងកម្លាំងភាគីចិន រៀនត្រាប់តាមកងកម្លាំងភាគីកម្ពុជាយ៉ាងយកចិត្តទុកដាក់ និងរៀបចំឱ្យទីបញ្ជាការសមយុទ្ធ ព្រមទាំងកងកម្លាំងទាំងពីរ «លាយគ្នាចាត់ជាក្រុម» ដើម្បីសហការគ្នាជ្រៀតជ្រៅ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
សូមជម្រាបជូនថា សមយុទ្ធ «នាគមាសឆ្នាំ២០២៦» គឺជាសមយុទ្ធទ្វេភាគីលើកទី៨ រវាងកងទ័ពកម្ពុជា និងចិន បន្ទាប់ពីបានរៀបចំឡើងអស់រយៈពេល ១០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៦។ សមយុទ្ធឆ្នាំនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ ដោយមានកម្លាំងចូលរួមសរុបចំនួន ២,៩៤០នាក់ (កម្ពុជា ១,៦២៦នាក់ និងចិន ១,៣១៤នាក់)។
សមយុទ្ធនេះ ធ្វើការហ្វឹកហាត់លើខ្លឹមសារធំៗចំនួន ២ គឺ ទី១៖ ការហ្វឹកហាត់ជើងគោក និងអាកាស (នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី) និង ទី២៖ ការហ្វឹកហាត់ជើងទឹក និងអាកាស (នៅមូលដ្ឋានសមុទ្ររាម មូលដ្ឋានទ័ពអាកាសកងកេង និងតំបន់សមុទ្រខេត្តព្រះសីហនុ) ដោយប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗជាច្រើនប្រភេទ ដូចជា កាំភ្លើងធំ កាំភ្លើងត្បាល់ រថក្រោះ អាវុធប្រឆាំងរថក្រោះ ប្រព័ន្ធការពារអាកាស ដ្រូន ឧបករណ៍ប្រឆាំងដ្រូន រ៉ាដា ឧទ្ធម្ភាគចក្រ នាវា និងសម្ភារៈការពារគីមីសាស្ត្រ ជាដើម៕

































































































