អ្នកបើករថយន្តដែលបុកម្តាយ និងកូនតូច ស្លាប់ទាំង៣នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
25-11-2026 16:08
(ព្រះវិហារ)៖ អ្នកបេីកបររថយន្ត ដែលបានបង្កគ្រោះថ្នាក់ចររាចរណ៍បណ្តាលឱ្យម្តាយ និងកូនតូចៗចំនួន២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។
សូមបញ្ជាក់ដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ អយ្យការបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៤៦៩ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៥៖២០នាទីល្ងាច នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ត្រង់ចំណុចមុខផ្ទះឈ្មោះ វង នឿន ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
តាមឯកសារដដែលជនសង្ស័យឈ្មោះ ឆៃហ៊ា លីហេង បានបើកបររថយន្តម៉ាក TOYOTA HILUX ពណ៌ស ពាក់ផ្លាកលេខ 01-4751 ទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1AM-6995 ដែលបើកបរដោយឈ្មោះ នុន សូនីកា ភេទស្រី អាយុ៣០ឆ្នាំ និងមានអ្នករួមដំណើរជាកូនចំនួន២នាក់ គឺទី១ ឈ្មោះ សុខុម សូនីតា ភេទស្រី អាយុ៩ឆ្នាំ និងទី២ ឈ្មោះ សុខុម រាជនី ភេទស្រី អាយុ២ឆ្នាំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបណ្តាលឱ្យស្ត្រីជាម្តាយ និងកូនស្រីទាំងពីរនាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុទាំង ៣នាក់ បន្ទាប់ពីកើតហេតុ ជនសង្ស័យឈ្មោះ ឆៃហ៊ា លីហេង បានចុះពីលើរថយន្ត រួចរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។
អ្នកនាំពាក្យអយ្យការបានបញ្ជាក់ថា ក្រោយពីបានធ្វើការសាកសួរ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធក្នុងសំណុំរឿងខាងលើ បានរកឃើញថា ជនសង្ស័យឈ្មោះ ឆៃហ៊ា លីហេង ភេទប្រុស អាយុ៣០ឆ្នាំ និងបក្ខពួក មានការពាក់ព័ន្ធនឹងករណីនេះ។
ជាមួយគ្នានេះ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៣៧៩ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា និងមិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់អ្នកដទៃច្រើននាក់ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចកើតហេតុខាងលើ។
ក្រោយតំណាងអយ្យការចោទប្រកាន់រួច, ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន៕




















