អគ្គរាជទូតកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា អ្នកប្រាជ្ញជប៉ុនដែលបានលះបង់ពេញមួយជីវិតក្នុងការអភិរក្សប្រាសាទអង្គរ
25-11-2026 16:30
(តូក្យូ)៖ សាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា (Yoshiaki Ishizawa) អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា និងជាអ្នកប្រាជ្ញជនជាតិជប៉ុនដ៏ឆ្នើមមួយរូប ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះការលះបង់ពេញមួយជីវិតក្នុងការសិក្សាស្រាវជ្រាវ និងអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា ជាពិសេសប្រាសាទអង្គរ បានទទួលមរណភាពហើយ។
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតនៃកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងចុះហត្ថលេខាលើសៀវភៅមរណទុក្ខ នៅមជ្ឈមណ្ឌលអាស៊ី សិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងទីក្រុងតូក្យូ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ លោកឯកអគ្គរាជទូតបានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមគ្រួសាររបស់សាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា និងសហគមន៍សាកលវិទ្យាល័យសូហ្វីយ៉ាទាំងមូល។
តាមរយៈសាររំលែកទុក្ខ លោក ជុំ សុន្ទរី បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់សាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា អស់រយៈពេលជាង ៦ទសវត្សរ៍ ក្នុងការសិក្សាស្រាវជ្រាវ ការអភិរក្ស និងការជួសជុលស្តារបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមហាសាលរបស់កម្ពុជា ជាពិសេសប្រាង្គប្រាសាទអង្គរ។ ក្រៅពីកិច្ចការអភិរក្សរូបវន្ត លោកសាស្ត្រាចារ្យក៏បានរួមចំណែកយ៉ាងវិសេសវិសាលក្នុងការបណ្តុះបណ្តាលបញ្ញវន្តខ្មែរ ព្រមទាំងអ្នកជំនាញជំនាន់ក្រោយៗផ្នែកអភិរក្សបេតិកភណ្ឌ ដែលបានជួយពង្រឹងសមត្ថភាពជាតិកម្ពុជា ក៏ដូចជាពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកសិក្សាស្រាវជ្រាវដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន។
ស្ថានឯកអគ្គរាជទូតកម្ពុជាបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជានឹងចងចាំសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា ជានិច្ចដោយក្តីគោរព ការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ការប្តេជ្ញាចិត្តឥតងាករេ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់លោកចំពោះប្រទេស និងប្រជាជនកម្ពុជា។ មរតកដ៏វិសេសវិសាលរបស់លោកនឹងបន្តជាប្រភពនៃការបំផុសគំនិតដល់មនុស្សជំនាន់ក្រោយៗ និងជាសក្ខីភាពដ៏យូរអង្វែងនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
គួររំលឹកថា លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា បានទទួលមរណភាពកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ៕










