វិបត្តិព្រំដែនកម្ពុជា-ថៃ៖ តើជាផ្លូវបំបែកនៃស្ថិរភាពអាស៊ានដែរឬទេ?
26-11-2026 20:52
(ភ្នំពេញ)៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ភាពតានតឹង និងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ចាប់តាំងពីឆ្នាំ២០២៥មក មិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេសភូមិសាស្ត្រ ឬការប្រទាញប្រទង់តាមបន្ទាត់ព្រំដែននោះទេ ប៉ុន្តែវាបានក្លាយជា «ស្លាកស្នាមប្រវត្តិសាស្ត្រដ៏ជូរចត់» ដែលធ្វើឱ្យស្ថានភាពសន្តិសុខ និងទំនុកចិត្តរវាងប្រទេសជិតខាងធ្លាក់ចូលក្នុងភាពផុយស្រួយបំផុត។ ឥរិយាបទ និងសកម្មភាពដែលត្រូវបានមើលឃើញថាជាការគឃ្លើន និងមហិច្ឆតាផ្នែកកម្លាំងរបស់ភាគីថៃ កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់អាស៊ី ជាពិសេសប្រទេសជិតខាងដែលត្រូវប្រឈមនឹងសម្ពាធការពារជាតិ និងការប្រកួតប្រជែងសព្វាវុធដោយចៀសមិនរួច។
ផលប៉ះពាល់ដល់ទំនាក់ទំនងប្រជាជន និងសេដ្ឋកិច្ច
អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺការដុះពន្លកនៃ «អរិភាព និងការបែកបាក់ផ្លូវចិត្ត» រវាងប្រជាជាតិទាំងពីរ។ ការប៉ះទង្គិច និងវោហាសាស្ត្ររបស់អ្នកនយោបាយ និងយោធាថៃ បានបន្សល់ទុកនូវការខកចិត្ត និងការឈឺចាប់របស់ពលរដ្ឋខ្មែរ ចាប់ពីមនុស្សចាស់រហូតដល់កុមារតូចៗ ដែលអាចវិវត្តទៅជាផលវិបាកផ្លូវចិត្តឆ្លងជំនាន់ បើគ្មានការកែលម្អ និងការទទួលខុសត្រូវច្បាស់លាស់។
ទន្ទឹមនឹងនេះ ពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ដែលធ្លាប់ជាសរសៃឈាមនៃជីវភាពប្រជាជនតាមព្រំដែន ក៏កំពុងជួបឧបសគ្គធ្ងន់ធ្ងរ។ ពលរដ្ឋខ្មែរជាច្រើនបាត់បង់ទំនុកចិត្តក្នុងការធ្វើធុរកិច្ចជាមួយថៃ បង្ហាញការមិនពេញចិត្តចំពោះទំនិញថៃ និងលែងជឿជាក់លើសម្តី និងជំហររបស់មេដឹកនាំថៃ ដែលត្រូវបានមើលឃើញថាបន្តនិយាយហួសពីសច្ចភាព មិនស័ក្តិសមនឹងមុខមាត់ជាប្រទេសស៊ីវីល័យ។ ការបាត់បង់ទំនុកចិត្តនេះ គឺជាឧបសគ្គដ៏ធំរារាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍរួមគ្នា។
កម្ពុជា៖ តម្លៃនៃសន្តិភាព និងជម្រើសនៃការអត់ធ្មត់
សម្រាប់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងវិនាសកម្មអស់រាប់ទសវត្សរ៍ សន្តិភាពមិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែជា «ដង្ហើមរស់» និងជាមូលដ្ឋានគ្រឹះនៃការកសាងជាតិ។ ពាក្យស្លោក «អរគុណសន្តិភាព!» ដែលសម្តេចតេជោ ហ៊ុន សែន (ពេលនោះជានាយករដ្ឋមន្ត្រី) បានបង្កើត ហើយបានប្រើក្នុងសារជូនពរឆ្នាំថ្មី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដែលពេលនោះលោកបានបន្ថែមអត្ថន័យថា «បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់»។
មិនយូរប៉ុន្មាន ពាក្យ «អរគុណសន្តិភាព» ត្រូវបានគេសង្កេតឃើញបិទព្រោងព្រាតតាមរបងក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋ នៅតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស។ ពាក្យស្លោកនេះ មើលទៅហាក់ដូចជាធម្មតា
ព្រោះពលរដ្ឋខ្មែរបានស្គាល់រសជាតិ និងស៊ាំត្រចៀកទៅហើយ ប៉ុន្តែក្រោយពីកម្ពុជាធ្លាក់ក្នុងជម្លោះជាមួយថៃ ពាក្យនេះ បែរជារំញោចនិងបានដាស់សតិពលរដ្ឋខ្មែរឡើងវិញឱ្យនឹកឃើញ ឱ្យតម្លៃកាន់តែខ្ពស់ និងបង្ហាញការគាំទ្រកាន់តែខ្លាំង។ នេះជាសក្ខីភាពបង្ហាញថា កម្ពុជាគ្មានបំណង ឬចង់ឃើញសង្គ្រាមណាមួយកើតឡើងឡើយ មិនថាជាសង្គ្រាមផ្ទៃក្នុង ឬជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងណាមួយឡើយ។ ការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គឺជាសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់រដ្ឋអធិបតេយ្យ ប៉ុន្តែការប្រកាន់ខ្ជាប់នូវសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្តិវិធី នៅតែជាអាទិភាពកំពូលរបស់កម្ពុជា ដើម្បីរក្សាជីវិតប្រជាជន និងអនាគតជាតិ។
ការសាកល្បងដ៏ធំចំពោះ «សហគមន៍អាស៊ាន»
ជម្លោះកម្ពុជា-ថៃ កំពុងដាក់សំណួរដ៏ធំទៅលើគោលការណ៍គ្រឹះ និងអនាគតរបស់អាស៊ាន។ បាវចនាអាស៊ាន «សហគមន៍តែមួយ ជោគវាសនាតែមួយ» និងការតភ្ជាប់ក្នុងតំបន់ នឹងក្លាយជា «ពាក្យស្លោកគ្មានខ្លឹមសារ» ប្រសិនបើសមាជិកណាមួយនៅតែបង្ហាញមហិច្ឆតាចង់បានទឹកដី ឬបេតិកភណ្ឌវប្បធម៌ និងប្រាសាទរបស់ប្រទេសជិតខាង។
ប្រសិនបើសកម្មភាពបង្កអស្ថិរភាព ការប្រើឥទ្ធិពល ឬកម្លាំង ត្រូវបានបណ្តោយឱ្យបន្តដោយគ្មានការព្រមាន ឬយន្តការដោះស្រាយដ៏មានប្រសិទ្ធភាពពីតំបន់ និងអន្តរជាតិនោះ គ្រោះមហន្តរាយសន្តិសុខ និងការបែកបាក់ផ្ទៃក្នុងតំបន់អាចនឹងកើតឡើង។ ប្រទេសសមាជិកអាស៊ានទាំងអស់ត្រូវពិចារណាឱ្យបានហ្មត់ចត់លើផលប៉ះពាល់ជាយុទ្ធសាស្ត្រនៃវិបត្តិនេះ៖ តើអាស៊ាននឹងរួមគ្នាពង្រឹងយន្តការ និងជំហររួមដើម្បីទប់ស្កាត់ការរំលោភបំពាន ឬបណ្តោយឱ្យវិបត្តិរីកធំរហូតធ្វើឱ្យស្មារតីសាមគ្គីភាពអាស៊ានដើរដល់ផ្លូវបំបែក?
វិបត្តិព្រំដែនកម្ពុជា-ថៃ ចាប់ពីឆ្នាំ២០២៥មក គឺជាការឆ្លុះបញ្ចាំងពីភាពផុយស្រួយនៃទំនាក់ទំនងជិតខាង ពេលដែលទំនុកចិត្តត្រូវបានបំផ្លាញ ហើយមហិច្ឆតា និងការប្រឈមមុខដាក់គ្នា ត្រូវបានដាក់លើសផលប្រយោជន៍សន្តិភាពរួម។ ការរក្សាស្ថិរភាពនៅអាស៊ី និងអាស៊ាន ទាមទារឱ្យមានការគោរពអធិបតេយ្យភាព ការបញ្ឈប់សកម្មភាពគឃ្លើន បន្ថយឥរិយាបទអនុត្តរភាព និងបង្ហាញឆន្ទៈពិតប្រាកដក្នុងការរួមរស់ដោយសន្តិភាព និងសមភាព—មុនពេលដែលរបួសប្រវត្តិសាស្ត្រកាន់តែជ្រៅ ពិបាកនឹងព្យាបាលបាន៕
ដោយ៖ ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា









