សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
26-11-2026 21:06
(ភ្នំពេញ)៖ លោក ស្ទីវ ដេនស៍ សមាជិកព្រឹទ្ធសភាអាមេរិក បានបង្ហាញក្តីរន្ធត់ និងតក់ស្លុតនៅពេលរូបលោកបានដឹង និងអានរឿងរ៉ាវក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលឆ្លងកាត់ភ្លើងសង្គ្រាមច្រើនលើក ជាពិសេសរបបប្រល័យពូជសាសន៍។ បើទោះបីក្នុងអតីតកាលមានភាពជូរចត់ តែក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ មើលឃើញពីការអភិវឌ្ឍ និងការចម្រើនលូតលាស់នៅកម្ពុជានាពេលបច្ចុប្បន្ន។ សម្រាប់សមាជិកព្រឹទ្ធសភាសភាអាមេរិក ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ ក៏ព្រោះមានការដឹកនាំមួយដែលត្រឹមត្រូវ។
លោក ស្ទីវ ដេនស៍ បានលើកឡើងបែបនេះ ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍លោក ស្ទីវ ដេនស៍ និងប្រតិភូក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចតេជោ បានចាត់ទុកដំណើរលោក ស្ទីវ ដេនស៍ មកកាន់កម្ពុជានៅពេលនេះ ជាឱកាសក្នុងការស្វែងយល់អំពីស្ថានការណ៍ក៏ដូចជាស្ថានភាពជាក់ស្ដែងក្នុងប្រទេសកម្ពុជា ជាពិសេសជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងអាមេរិក ឱ្យកាន់តែរីកចម្រើន និងការពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងសហរដ្ឋអាមេរិក។
សមាជិកព្រឹទ្ធសភាអាមេរិក បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសម។ លោក ស្ទីវ ដេនស៍ បានសម្ដែងក្តីរំភើបរីករាយពេលដែលលោក និងភរិយា បានមកដល់ប្រទេសកម្ពុជា។ លោកបានលើកឡើងថា កម្ពុជា គឺជាប្រទេសមួយដ៏អស្ចារ្យ ហើយពេលមកកាន់ប្រទេសកម្ពុជា លោកបានធ្វើដំណើរទៅទស្សនាតំបន់សំខាន់ៗមួយចំនួនរបស់កម្ពុជា ជាពិសេសបានទៅដល់ប្រាសាទអង្គរវត្ត។
លោក ស្ទីវ ដេនស៍ បានជម្រាបសម្ដេចតេជោថា លោកពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះស្ថាបត្យកម្មដ៏អស្ចារ្យនៃបុព្វបុរសខ្មែរ។ លោកបានកោតសរសើរមិនដាច់ពីមាត់អំពីស្នាដៃរបស់បុព្វបុរសខ្មែរនៃការកសាងអង្គរវត្តដ៏អស្ចារ្យនេះ។ លោក ក៏បានលើកឡើងពីប្រវត្តិជូរចត់របស់កម្ពុជា ក្នុងការឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើន ជាពិសេសរបបប្រល័យពូជសាសន៍ ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។
លោកបានបន្ថែមថា នៅពេលរូបលោក បានអានប្រវត្តិរបស់ប្រទេសកម្ពុជា ធ្វើឱ្យលោករន្ធត់ចិត្តយ៉ាងខ្លាំងចំពោះរបបឃោរឃៅនោះ។ តែយ៉ាងណាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកបានឃើញកម្ពុជាប្រែមុខមាត់ថ្មីក្នុងពេលបច្ចុប្បន្ននេះ។ ការប្រែប្រួលនេះ ក៏ដោយសារតែការដឹកនាំមួយដ៏ត្រឹមត្រូវ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការលើកឡើងរបស់លោក ស្ទីវ ដេនស៍
ជុំវិញការសរសើរពីប្រទេសកម្ពុជា ក៏ដូចជាសរសើរអំពីប្រាសាទអង្គរវត្តរបស់កម្ពុជា។ សម្ដេចតេជោ ក៏បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមាននាពេលនេះ និងកំពុងតែបោះជំហានទៅមុខនៃទំនាក់ទំនងមួយដ៏ល្អប្រសើរ ទន្ទឹមនឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ កំពុងតែមានការកើនឡើង។
សម្ដេចតេជោ ហ៊ុន សែន ក៏យកឱកាសនេះអរគុណសហរដ្ឋអាមេរិក ដែលជួយគាំទ្រកម្ពុជាកន្លងមក ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម ដែលសហរដ្ឋអាមេរិកបានជួយមកកម្ពុជា និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា៕

















