សម្ដេចមហារដ្ឋសភា ឃួន សុដារី អញ្ជើញបើកសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពីជំងឺទឹកនោមផ្អែម (Video inside)
27-11-2026 11:57
(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម» រដ្ឋសភានៃកម្ពុជា បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងពីជំងឺទឹកនោមផ្អែម ក្រោមអធិបតីភាព សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា និងព្រះថេរានុត្ថេរៈ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា, លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក Armit Gupta នាយកប្រតិបត្តិសម្ព័ន្ធសកលសម្រាប់ជំងឺមេតាបូលីក (GMHA) សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា, សហគ្រាស, និយោជក, កម្មករនិយោជិត យុវជនសសយក យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិនារីកម្ពុជា។
ជាកិច្ចចាប់ផ្ដើម លោកស្រី ឡោក ខេង បានលើកឡើងពីគោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលាឡើងមក ដើម្បីលើកកម្ពស់ការយល់ដឹង ការថែទាំសុខភាព និងការបង្ការពីជំងឺទឹកនោមផ្អែម។
លោកស្រីបន្តថា ជំងឺទឹកនោមផ្អែម ជាបញ្ហាប្រឈមសាធារណៈដែលទាមទារការចូលរួមពីគ្រប់តួអង្គទាំងអស់។ លោកស្រីលើកឡើងថា ការបង្ការជំងឺទឹកនោមផ្អែម ផ្ដើមចេញពីជម្រើសតូចៗរបស់យើងរាល់ថ្ងៃ ពោលគឺការញាំរបបអាហារដែលមានតុល្យភាពរសជាតិ (តិចខ្លាញ់ តិចអំបិល តិចស្ករ) មិនពិសារភេសជ្ជៈប៉ូវកម្លាំង តាមដានត្រួតពិនិត្យសុខភាពជាប្រចាំ។ លោកស្រី បានសង្កត់ធ្ងន់ថា «កុំចាំឈឺទើបថែទាំ កុំចាំធ្ងន់ ទើបព្យាបាល»។
លោក Armit Gupta បានថ្លែងថា កម្ពុជាមានឱកាសដ៏សំខាន់មួយក្នុងការបន្តដំណើរឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដោយជំងឺទឹកនោមផ្អែម និងសុខភាពមេតាបូលីស អាចក្លាយជាផ្នែកសំខាន់មួយនៃការកសាងសហគមន៍ដែលមានសុខភាពល្អប្រសើរ។
លោកថា វឌ្ឍនភាពប្រកបដោយអត្ថន័យបំផុតនឹងកើតមានឡើងនៅពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល រដ្ឋសភា អ្នកជំនាញថែទាំសុខភាព ស្ថាប័នសិក្សាធិការ សង្គមស៊ីវិល និងសហគមន៍ត្រូវបានភ្ជាប់គ្នា។ ជាពិសេស មេដឹកនាំសាសនា និងឥស្សរជននានា អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចការនេះ។
បើតាមប្រសាសន៍លោករដ្ឋមន្ត្រី ឈាង រ៉ា ក្នុងឆ្នាំ២០២៥ មានអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញជំងឺថ្មីចំនួន ២៩២,០០០នាក់ ក៏មានមួយផ្នែកពាក់ព័ន្ធនឹងនិន្នាការនៃការបង្កើនការយល់ដឹង និងការរកឃើញជំងឺឱ្យបានឆាប់នេះផងដែរ។ តួលេខទាំងនេះ អនុញ្ញាតឱ្យនិងវិធានការដែលយើងបានដាក់ចេញ ដើម្បីលើកកម្ពស់ការបង្ការ យើងបញ្ជាក់ពីសារៈសំខាន់នៃទិសដៅទប់ស្កាត់ជំងឺ។
លោកបានថ្លែងថាបច្ចុប្បន្ន ជំងឺមិនឆ្លងបណ្តាលឱ្យមានមរណភាពប្រមាណ ៦៤% នៃមរណភាពសរុបដែលបានកត់ត្រានៅក្នុងប្រទេស ខណៈដែលក្នុងឆ្នាំ២០១៤ អត្រានេះមានត្រឹមតែ ៥២% ប៉ុណ្ណោះ។ សមាមាត្រនេះនឹងបន្តកើនឡើងទៅតាមការរីកចម្រើននៃប្រទេស ដោយសារការផ្លាស់ប្ដូររបៀបរស់នៅ ដែលជានិន្នាការដែលយើងបានសង្កេតឃើញនៅគ្រប់ប្រទេសដែលមានការអភិវឌ្ឍកាន់តែខ្ពស់។
ជំងឺមិនឆ្លងសំខាន់ៗចំនួន៤ រួមទាំងជំងឺទឹកនោមផ្អែមផងដែរ ទទួលខុសត្រូវចំពោះការចំណាយលើសុខភាពចំនួន២៥% ហើយប្រជាជនកម្ពុជាចំនួន ១នាក់ ក្នុងចំណោម ៤នាក់ បានស្លាប់មុនអាយុ ៧០ឆ្នាំ ដោយសារជំងឺទាំងនេះ។ នេះបើតាមការលើកឡើងរបស់លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ជាមួយគ្នានេះ សម្ដេចមហារដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងស្អិតរមួតរវាងគណៈកម្មការទី៨ នៃរដ្ឋសភា និងក្រសួងសុខាភិបាល ក្នុងការផ្សព្វផ្សាយពីការបង្ការជំងឺទឹកនោមផ្អែមឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
សម្ដេច ឃួន សុដារី ក៏បានកោតសរសើរចំពោះការរៀបចំសិក្ខាសាលានេះឡើងមក ដែលមានគ្រប់តួអង្គពាក់ព័ន្ធ ពោលគឺទាំងវត្តមានរបស់សម្ដេចសង្ឃ ព្រះសង្ឃ ព្រះវិហារ វិហារឥស្លាម យុវជន ដែលសបញ្ជាក់ថា តួអង្គគ្រប់ស្រទាប់ដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋ ដើម្បីបង្ការ ទប់ស្កាត់ ជំងឺទឹកនោមផ្អែម។
សម្ដេចបានគូសបញ្ជាក់ថា «យើងកំពុងឈានឆ្ពោះទៅរកប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ តែបើប្រជាពលរដ្ឋយើងមានជំងឺទឹកនោមផ្អែមប្រចាំកាយហើយនោះ តើប្រទេសជាតិយើងអាចសម្រេចចក្ខុវិស័យនេះដផយរបៀបណា? ដូច្នេះនេះជាសារគួរឱ្យចងចាំថា ជំងឺទឹកនោមផ្អែមជាជំងឺដែលអាចបង្ការបាន»។
ជាថ្មីម្ដងទៀត សម្ដេចមហារដ្ឋសភា ណែនាំតួអង្គពាក់ព័ន្ធបន្តផ្សព្វផ្សាយបន្ថែមតាមគ្រប់រូបភាព បង្កើនការយល់ដឹង ការបង្ការ ការទប់ស្កាត់ជូនប្រជាពលរដ្ឋ។ សម្ដេច ក៏លើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ តាមដានសុខភាពរបស់ខ្លួនជាប្រចាំ ដើម្បីរកមើលរោគសញ្ញាជំងឺទឹកនោមផ្អែម ដែលអាចធ្វើការព្យាបាលបានឆាប់រហ័ស ព្រោះថាជំងឺមិនឆ្លងប្រៀបបាននឹងឃាតករលាក់មុខដែលអាចសម្លាប់យើងដោយស្ងៀមស្ងាត់៕

































