ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ជួបសំណេះសំណាលជាមួយប្រតិភូកីឡាករវាយកូនគោល Legends Tour ដែលចូលរួមព្រឹត្តិការណ៍ Vattanac Legends Championship និង Vattanac Tour Championship លើកទី២ ឆ្នាំ២០២៦
27-11-2026 15:22
(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូ និងកីឡាករវាយកូនគោល Legends Tour ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន វឌ្ឍនៈ គ្រុប ដែលបានខិតខំប្រឹងប្រែងធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាស្ថាប័ន Legends Tour រហូតទទួលបានការគាំទ្រពីអន្ដរជាតិ និងរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកដ៏អស្ចារ្យជាប្រវត្តិសាស្ដ្រជាថ្មីនៅកម្ពុជា។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា វត្តមានរបស់កីឡាករវាយកូនហ្គោលលំដាប់អន្តរជាតិនាពេលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់យុវជន និងកីឡាករជម្រើសជាតិកម្ពុជា ក្នុងការសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ពីកីឡាករឆ្នើមៗ លើពិភពលោក ជាពិសេសក្នុងវិស័យកីឡាវាយកូនហ្គោល ដែលកម្ពុជានៅត្រូវការពេលវេលា និងការជំរុញបន្ថែម ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងឈានទៅសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។
ឧបនាយករដ្ឋមន្ត្រី បានបន្ដថា តាមរយៈកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន វឌ្ឍនៈ និងស្ថាប័ន Legends Tour ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់អន្តរជាតិនេះ នឹងបន្តរៀបចំឡើងនៅកម្ពុជាជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡា និងទាក់ទាញភ្ញៀវអន្តរជាតិមកកាន់កម្ពុជា។ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមហ៊ុន វឌ្ឍនៈ ក្នុងការនាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកមករៀបចំនៅកម្ពុជា គឺជាគំរូដ៏ល្អនៃការបើកទ្វារទទួលស្វាគមន៍មិត្តភក្តិពី ជុំវិញពិភពលោក ឱ្យបានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ។
ជាមួយគ្នានេះ លោក Ryan Howsam ប្រធានស្ថាប័ន Legends Tour បានបង្ហាញការចាប់អារម្មណ៍ចំពោះសម្រស់ និងបរិស្ថាននៅរាជធានីភ្នំពេញ ដែលលោកបានមើលឃើញថា មានភាពស្រស់ស្អាតគួរឱ្យទាក់ទាញ ព្រមទាំងរំពឹងថានឹងទទួលបានបទពិសោធន៍ថ្មីៗពីការស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្ត។
លោកបានលើកឡើងថា ក្រោយពីមានកិច្ចសហការជាមួយក្រុមហ៊ុនវឌ្ឍនៈ កាលពីឆ្នាំ២០២៥ ភាគីទាំងពីរបានបង្កើតទំនាក់ទំនង និងមិត្តភាពយ៉ាងជិតស្និទ្ធ។ ជាពិសេស ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី២ នៃកិច្ចសហការរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោល Legends Tour នៅកម្ពុជា ហើយលោករំពឹងថា នឹងមានកិច្ចសហការរៀបចំព្រឹត្តិការណ៍បន្តបន្ទាប់ទៀតនាពេលអនាគត។
ទាក់ទងនឹងការអភិវឌ្ឍវិស័យកីឡាវាយកូនហ្គោល លោក Ryan Howsam បានបញ្ជាក់ថា Legends Tour តែងតែរៀបចំការប្រកួតជារៀងរាល់ឆ្នាំ និងតាមរដូវកាល ដោយទាក់ទាញកីឡាករអាជីពដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។ លោកក៏មានក្តីរំពឹងថា នឹងអាចទាក់ទាញកីឡាករអាជីពកាន់តែច្រើន ជាពិសេសពីតំបន់អឺរ៉ុប ឱ្យមកចូលរួមប្រកួតនៅកម្ពុជានាពេលខាងមុខ។
ប្រធានស្ថាប័នរូបនេះ ក៏បានបង្ហាញថា លោកមិនទទួលបានព័ត៌មានអវិជ្ជមានច្រើនពាក់ព័ន្ធនឹងកម្ពុជានោះទេ។ ផ្ទុយទៅវិញ អ្វីដែលលោកមើលឃើញ និងផ្តល់តម្លៃខ្ពស់ គឺកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុនវឌ្ឍនៈ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងបង្កើតបរិយាកាសអំណោយផលដល់ការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ។
សូមជម្រាបថា សម្រាប់ វឌ្ឍនៈ គ្រុប Vattanac Championship មិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកទាំងមូល។ ការនាំយកព្រឹត្តិការណ៍ Vattanac Legends Championship មកកម្ពុជាជាថ្មីនេះ គឺជាការបន្តបេសកកម្មរបស់យើងក្នុងការផ្តល់ឱកាស និងបទពិសោធន៍កម្រិតអន្តរជាតិដល់កីឡាករទាំងអាជីព និងមិនមែនអាជីពរបស់ប្រទេសកម្ពុជា ព្រមទាំងជាឱកាសដ៏ល្អក្នុងការបង្ហាញទៅកាន់ពិភពលោកឱ្យឃើញពីសុខសន្តិភាព ភាពរីកចម្រើន មោទនភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា៕


































