សិស្សនិស្សិត ប្រមាណ២៤០រូប ទទួលបានចំណេះដឹងច្បាប់ចរាចរណ៍ និងបច្ចេកទេសប្រើប្រាស់-ថែទាំម៉ូតូហុងដា ពីក្រុមហ៊ុន NCX Honda និងហាងលក់ម៉ូតូសំពៅមាសពោធិ៍សាត់ ដើម្បីលើកកម្ពស់សុវត្ថិភាពលើដងផ្លូវ
27-11-2026 16:47
(ពោធិ៍សាត់)៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំ និងទីលានអនុវត្ត របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងការបណ្តុះបណ្តាលអំពីវិធីប្រើប្រាស់ និងថែទាំម៉ូតូហុងដាគ្រប់ប្រភេទ ជូនដល់សិក្ខាកាម ជាសិស្សនិស្សិត និងលោកគ្រូអ្នកគ្រូ ប្រមាណ២៤០រូប។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ និងលោក ខូយ វ៉េត ម្ចាស់ហាងលក់ម៉ូតូហុងដា ខូយ វ៉េត (ហាងលក់ម៉ូតូសំពៅមាសពោធិ៍សាត់) ព្រមទាំងមានការចូលរួមពីគណៈប្រតិភូ ក្រុមការងារបច្ចេកទេស និងគ្រូបង្គោលនៃក្រុមហ៊ុន អិន ស៊ី អិច ហុងដា (NCX Honda)។
ថ្លែងស្វាគមន៍ និងថ្លែងអំណរគុណដល់ប្រតិភូ និងក្រុមការងារបច្ចេកទេសនៃក្រុមហ៊ុនហុងដា, លោក ង៉ែត តាត បានលើកឡើងពីតួនាទី និងបេសកកម្មរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សាធារណៈ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងខេត្ត និងទូទាំងប្រទេស។
លោកបានបន្តថា បច្ចុប្បន្នវិទ្យាស្ថានកំពុងបណ្តុះបណ្តាលលើមុខជំនាញសំខាន់ៗជាច្រើន រួមមាន៖ មេកានិចរថយន្ត អគ្គិសនី អេឡិចត្រូនិច សំណង់ស៊ីវិល បរិក្ខារត្រជាក់ និងព័ត៌មានវិទ្យា ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ (C1, C2, C3) រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា។
លោកនាយកវិទ្យាស្ថានបានសង្កត់ធ្ងន់ថា វត្តមានរបស់ក្រុមហ៊ុនហុងដា និងហាងលក់ម៉ូតូសំពៅមាសពោធិ៍សាត់ នាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ការសិក្សាទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ជួយធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាយានយន្តទំនើបៗ ជាពិសេសសម្រាប់សិស្សនិស្សិត ផ្នែកមេកានិច និងអគ្គិសនី ក៏ដូចជាសិស្សនិស្សិតដែលប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ។
លោកបានគូសបញ្ជាក់ថា ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងការថែទាំយានយន្តបានត្រឹមត្រូវ គឺជាការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ខ្លួនឯង ក្រុមគ្រួសារ និងអ្នកប្រើប្រាស់ផ្លូវដទៃទៀត រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គម។
ក្នុងវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយនេះ គ្រូបង្គោល និងអ្នកជំនាញបច្ចេកទេសនៃក្រុមហ៊ុន NCX Honda បានពន្យល់ និងចែករំលែកចំណេះដឹងយ៉ាងលម្អិត លើប្រធានបទសំខាន់ៗរួមមាន៖
ទី១-ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងវិន័យបើកបរ៖ ការយល់ដឹងអំពីផ្លូវថ្នល់ វិធានចរាចរណ៍ ប័ណ្ណបើកបរ ប្រភេទមួកសុវត្ថិភាព និងការពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរ ការប្រើប្រាស់គន្លងផ្លូវ ការគោរពល្បឿនកំណត់ ស្លាកសញ្ញា គំនូសសញ្ញាលើផ្លូវ ភ្លើងសញ្ញាចរាចរណ៍ សញ្ញានគរបាលចរាចរណ៍ សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ការបើកវ៉ាជែង ការឈប់ចត ការប្រើប្រាស់ភ្លើង និងស៊ីផ្លេ ការរក្សាគម្លាតសុវត្ថិភាព ការបើកបរលើផ្លូវជម្រាល ផ្លូវកោង ផ្លូវរអិល ការឆ្លងកាត់ផ្លូវរថភ្លើង ការប្រុងប្រយ័ត្នតាមស្ថានភាពផ្លូវ និងអាកាសធាតុ ការជៀសវាងការបើកបរលឿន ប្រណាំងម៉ូតូ ប្រើទូរស័ព្ទពេលបើកបរ ឬបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងសារធាតុញៀន ព្រមទាំងការយល់ដឹងអំពីការសង្គ្រោះបឋម និងនីតិវិធីជួយសង្គ្រោះ។
ទី២-ការថែទាំ និងប្រើប្រាស់ម៉ូតូ Honda ប្រើប្រាស់ប្រេងឥន្ធនៈ៖ ការត្រួតពិនិត្យយានយន្តមុនចេញដំណើរ ឥរិយាបថបើកបរ ការប្រើប្រាស់ហ្វ្រាំងមុខក្រោយ ការពិនិត្យប្រេងម៉ាស៊ីន កង់ សម្ពាធសំបកកង់ ប្រព័ន្ធបញ្ជូនកម្លាំង ភ្លើងបំភ្លឺ និងប្រព័ន្ធសញ្ញា ព្រមទាំងការថែទាំតាមកាលកំណត់ដែលកំណត់ដោយក្រុមហ៊ុនផលិត។
ទី៣-ការថែទាំ និងប្រើប្រាស់ម៉ូតូអគ្គិសនី (EV) និងប្រព័ន្ធសោឆ្លាតវៃ (Smart Key)៖ ការយល់ដឹងអំពីថ្ម ប្រព័ន្ធសាកថ្ម ខ្សែភ្លើង ប្រព័ន្ធបញ្ជា ការរក្សាទុកថ្ម សុវត្ថិភាពអគ្គិសនី ការប្រើប្រាស់ឆ្នាំងសាកត្រឹមត្រូវតាមស្តង់ដារ និងការអនុវត្តតាមសៀវភៅណែនាំរបស់ក្រុមហ៊ុនផលិត រួមទាំងការស្គាល់មុខងារសោឆ្លាតវៃ Smart Key ការបើកបិទ ការចាក់សោដោះសោ ការរក្សាសោឱ្យមានសុវត្ថិភាព ការប្រុងប្រយ័ត្នការបាត់បង់សោ និងការអនុវត្តតាមម៉ូដែលនីមួយៗ។
បន្ទាប់ពីវគ្គទ្រឹស្តីនៅក្នុងសាលប្រជុំ គ្រូបង្គោលនៃក្រុមហ៊ុន NCX Honda ក៏បានដឹកនាំការបង្ហាត់បង្ហាញ និងអនុវត្តផ្ទាល់នៅទីលានអនុវត្តដៃចង្កូត ដោយផ្តោតលើការត្រួតពិនិត្យម៉ូតូមុនពេលបើកបរ ឥរិយាបថត្រឹមត្រូវ ការពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការបើកបរលើផ្លូវរដិបរដុប ផ្លូវលំនឹង (Balance Course) ផ្លូវវាងកាត់បង្គោល/របាំង (Slalom Course) និងការបើកបរជាលេខ ៨ (Figure-8 Course) ដើម្បីជួយសិស្សនិស្សិត ទទួលបានជំនាញបើកបរច្បាស់លាស់ និងមានសុវត្ថិភាពខ្ពស់។
ក្នុងឱកាសនោះ ក្រុមហ៊ុន NCX Honda និងហាងលក់ម៉ូតូសំពៅមាសពោធិ៍សាត់ ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ រួមមាន៖ មួកការពារ អាវយឺត និងប្រេងម៉ាស៊ីនម៉ូតូ ជូនដល់អ្នកចូលរួមផងដែរ។
លោក ង៉ែត តាត ក៏បានផ្តាំផ្ញើដល់សិស្សនិស្សិត ឱ្យយកចិត្តទុកដាក់សិក្សា យកចំណេះដឹងទៅអនុវត្តជាក់ស្តែង ក្លាយជាអ្នកប្រើប្រាស់ផ្លូវប្រកបដោយសីលធម៌ វិន័យ និងស្មារតីទទួលខុសត្រូវ ព្រមទាំងចូលរួមផ្សព្វផ្សាយបន្តទៅកាន់មិត្តភក្តិ គ្រួសារ និងសហគមន៍ ដើម្បីរួមគ្នាកសាងវប្បធម៌សុវត្ថិភាពចរាចរណ៍នៅខេត្តពោធិ៍សាត់ ក៏ដូចជាក្នុងសង្គមកម្ពុជាទាំងមូល៕










































