អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស វាយតម្លៃខ្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា
27-11-2026 17:30
(ភ្នំពេញ)៖ លោកស្រី ធៀ នីង (Tie Ning) អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជា ព្រមទាំងបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការវាយតម្លៃខ្ពស់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល លោកស្រី ធៀ នីង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ក្នុងជំនួបនេះ អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។ លោកស្រីបានកត់សម្គាល់ថា នៅក្នុងអាណត្តិនៃការដឹកនាំរបស់សម្ដេចធិបតី រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់ជាច្រើន ដែលបានបង្កបរិយាកាសអំណោយផលក្នុងការទាក់ទាញវិនិយោគិន និងទេសចរមកកាន់កម្ពុជា។
លោកស្រី ធៀ នីង បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ហើយភាគីចិននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីសម្រេចនូវសមិទ្ធផលប្រកបដោយផ្លែផ្កាកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះ លោកជំទាវបានជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ និងគណៈប្រតិភូមកកាន់កម្ពុជានាឱកាសនេះ មានគោលបំណងបន្តរក្សា និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីកសាង និងពង្រឹងនីតិរដ្ឋ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង សំដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ «កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជារវាងរដ្ឋាភិបាលទាំងពីរ។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្ដល់ការគាំទ្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតីក៏បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរផងដែរ។
បន្ថែមពីលើនេះ សម្ដេចធិបតី និងលោកស្រីអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម កសិកម្ម ការគ្រប់គ្រងធនធានទឹក ក៏ដូចជាការបណ្ដុះបណ្ដាលផ្នែកបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ព្រមទាំងបានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕














