* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម

27-11-2026 19:54

(ភ្នំពេញ)៖ នៅយប់ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំសំខាន់ចំនួនពីរនៅទីក្រុ​ង​ហាណូយ ប្រទេសវៀតណាម។ កិច្ចប្រជុំទាំងពីរនោះរួមមានកិច្ចប្រជុំកំពូលយុទ្ធ​សាស្ត្រ​កិច្ច​សហ​ប្រតិ​បត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។ កិច្ចប្រជុំកំពូល​ទាំងពីរ​នេះ គឺជាជំនួបដ៏មានសារៈសំខាន់រវាងមេដឹកនាំប្រទេសមានព្រំដែនជាប់គ្នារួមមានកម្ពុជា ថៃ វៀត​ណាម ឡាវ និងមីយ៉ាន់ម៉ា។

ដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម និងលោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា។ កិច្ចប្រជុំ​ទាំងពីរចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

អញ្ជើញអមដំណើរសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក​ឧប​នាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំង តំណាងសភាពាណិជ្ជ​កម្មកម្ពុជា និងសមាគមឧកញ៉ា​កម្ពុជា។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមឆ្ពោះទៅរក ACMECS ដែលមានភាពឆ្លាតវៃ និងចីរភាព» កិច្ចប្រជុំកំពូល ACMECS លើក​ទី១១ នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងស្វែងរកមធ្យោ​បាយ ​ដើម្បី​ជំរុញបន្ថែមទៀតការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយា​បន្ន។

ដោយឡែកកិច្ចប្រជុំកំពូល CLMV លើកទី១២ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV ការទាញយកសក្តានុពល - ការកសាងអនាគតប្រកបដោយវិបុលភាព» នឹងពិនិត្យសមិទ្ធ​ផល​នៃកិច្ចសហប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត។ ដោយផ្អែកលើស្មារតីនៃមិត្ត​ភាព​ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និង​ភាពជាដៃគូសេដ្ឋកិច្ច កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការជាក់ស្តែង ការ​ពង្រឹងការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍​ដល់​ប្រជាជនន ប្រទេសទាំងបួន។

បើតាមក្រសួងការបរទេសកម្ពុជា នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ក៏នឹងមានពិធីផ្ទេរ​តំណែង​ប្រធានកិច្ចប្រជុំកំពូល CLMV ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយសមភាគី ដើម្បីពិភាក្សាអំពី​មធ្យោ​បាយ​ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងផ្លាស់ប្តូរទស្សនៈ​លើបញ្ហា​តំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ឬ ACMECS គឺជា​ក្រប​ខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់អនុតំបន់ ដែលបង្កើតឡើងដើម្បីលើកកម្ពស់​ការអភិ​វឌ្ឍ​ប្រកបដោយតុល្យភាព កាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក និងជំរុញវិបុល​ភាព​ប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ដោយមានប្រទេសចំនួន៥ជាសមាជិករួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។

គោលបំណងចម្បងនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះរួមមាន៖ ការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការតភ្ជាប់ក្នុងតំបន់, ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងរដ្ឋជាសមាជិក និងកិច្ចសហការលើវិស័យសំខាន់ៗដទៃទៀត ដោយផ្តោតលើវិស័យកសិកម្ម ឧស្សាហកម្ម បរិស្ថាន នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។

ដោយឡែកកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ហៅកាត់ថា CLMV គឺជា​កិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់មួយ ដែលបង្កើតឡើងក្នុងគោលបំណងកាត់​បន្ថយគម្លាត​អភិ​វឌ្ឍន៍រវាងប្រទេសសមាជិកអាស៊ានថ្មីទាំង៤ និងប្រទេសសមាជិកអាស៊ានចាស់ទាំង៦ ព្រមទាំង​ជំរុញ​សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុង​តូក្យូ ក្នុងខែធ្នូ ឆ្នាំ២០០៣ ដោយមានប្រទេសចំនួន៤ជាសមាជិករួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងឡាវ។ កិច្ចប្រជុំកំពូល CLMV លើកដំបូងត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ រួមមានការពន្លឿនសមាហរណកម្មអាស៊ាន,លើកកម្ពស់ការតភ្ជាប់ និងសេដ្ឋកិច្ចក្នុងតំបន់, ការអភិវឌ្ឍធនធានមនុស្ស និងការកៀរគរជំនួយ និងការគាំទ្រដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាសមាជិកទាំង៤៕