វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងចុះ MoU ជាមួយដៃគូ ៤ ស្ថាប័ន ដើម្បីភ្ជាប់ជំនាញទៅនឹងទីផ្សារការងារ
27-11-2026 20:09
(ពោធិ៍សាត់)៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីប្រជុំបូកសរុបលទ្ធផលការងារ របស់វិទ្យាស្ថានជាមួយវិស័យឯកជន និងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ក្រោមអធិបតីភាព លោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក តាន់ សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរជំនាញ តំណាងក្រុមហ៊ុន សហគ្រាស សមាគម ព្រមទាំងដៃគូវិស័យឯកជនជាច្រើនរូប។
ក្នុងមតិស្វាគមន៍ លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា វេទិកានេះមិនត្រឹមតែបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលការងាររបស់វិទ្យាស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីឱ្យការបណ្តុះបណ្តាលជំនាញឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។
លោកបន្តថា វិទ្យាស្ថានបានកំណត់ទិសដៅសំខាន់ៗ ដូចជា ការបន្តកែលម្អគុណភាពបណ្តុះបណ្តាល ការពង្រីកឱកាសចុះកម្មសិក្សា និងការបណ្តុះបណ្តាលនៅកន្លែងការងារ ការផ្លាស់ប្តូរគ្រូបច្ចេកទេស និងអ្នកជំនាញ ការចែករំលែកបច្ចេកវិទ្យាថ្មីៗ និងការគាំទ្រដល់ការស្វែងរកការងារធ្វើ ឬការបង្កើតមុខរបរដោយខ្លួនឯងរបស់សិក្ខាកាម ដោយផ្តោតលើបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងយុគសម័យឧស្សាហកម្ម ៤.០ ស្របតាមគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៣-២០៣៥។
ក្នុងឱកាសនោះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយដៃគូសហការចំនួន ៤ រួមមាន៖
ទី១-រដ្ឋាករទឹកខេត្តពោធិ៍សាត់
ទី២-ក្រុមហ៊ុនអេឡិចត្រូនិចខេត្តពោធិ៍សាត់
ទី៣-សមាគមសហគ្រិនភាពវ័យក្មេង
ទី៤-វិទ្យាល័យភ្នំក្រវាញ
ថ្លែងក្នុងពិធីបើកកម្មវិធី លោក រុន សារី អភិបាលរងខេត្តពោធិ៍សាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូបច្ចេកទេស និងបុគ្គលិកនៃវិទ្យាស្ថាន ព្រមទាំងដៃគូវិស័យឯកជន ដែលបានរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅខេត្តពោធិ៍សាត់។
លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍជំនាញមិនមែនជាការទទួលខុសត្រូវរបស់គ្រឹះស្ថានបណ្តុះបណ្តាលតែមួយមុខឡើយ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីវិស័យឯកជន ដែលជាអ្នកប្រើប្រាស់កម្លាំងពលកម្ម និងដឹងច្បាស់ពីតម្រូវការទីផ្សារ។
លោកអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់វិទ្យាស្ថាន និងដៃគូពាក់ព័ន្ធ បន្តជំរុញកិច្ចសហការជាក់ស្តែង ដូចជា ការផ្តល់ព័ត៌មានអំពីតម្រូវការជំនាញ និងកម្លាំងពលកម្ម ការទទួលសិស្ស-និស្សិត និងសិក្ខាកាមចុះកម្មសិក្សា ការចែករំលែកបច្ចេកវិទ្យា និងបទពិសោធន៍ការងារ ការកែលម្អកម្មវិធីសិក្សា និងការគាំទ្រឱកាសការងារ និងអាជីពរបស់យុវជន។
ពាក់ព័ន្ធនឹងការចុះ MoU លោកបានផ្តល់អនុសាសន៍ឱ្យភាគីទាំងអស់ប្រែក្លាយខ្លឹមសារនៃកិច្ចព្រមព្រៀង ទៅជាផែនការសកម្មភាពច្បាស់លាស់ មានការបែងចែកតួនាទី និងការទទួលខុសត្រូវ ព្រមទាំងមានការតាមដាន និងវាយតម្លៃលទ្ធផលជាប្រចាំ ដើម្បីធានាថា សិស្ស-និស្សិត និងសិក្ខាកាមទទួលបានជំនាញពិតប្រាកដ មានការងារធ្វើ និងមានប្រាក់ចំណូល។
បន្ថែមពីនេះ លោកបានផ្តល់អនុសាសន៍សំខាន់ៗដល់គ្រប់ភាគីពាក់ព័ន្ធ រួមមាន៖
*វិទ្យាស្ថាន៖ បន្តពង្រឹងអភិបាលកិច្ច លើកកម្ពស់គុណភាពគ្រូបច្ចេកទេស និងធ្វើទំនើបកម្មកម្មវិធីសិក្សាផ្អែកលើការអនុវត្តជាក់ស្តែង និងតម្រូវការទីផ្សារ។
*វិស័យឯកជន៖ បន្តគាំទ្រការបណ្តុះបណ្តាលតាមរយៈឱកាសកម្មសិក្សា អ្នកជំនាញ បច្ចេកវិទ្យា និងការងារសម្រាប់សិក្ខាកាមបញ្ចប់វគ្គ។
*មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ៖ បន្តសហការគាំទ្រ និងសម្របសម្រួលការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
*យុវជន និងប្រជាពលរដ្ឋ៖ លើកទឹកចិត្តឱ្យចូលរួមសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាទ្រព្យសម្បត្តិសម្រាប់បង្កើតការងារ បង្កើនប្រាក់ចំណូល និងអនាគតប្រកបដោយចីរភាព។
ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោក រុន សារី បានបញ្ជាក់ពីការបន្តគាំទ្រកិច្ចសហការរវាងមន្ទីរ អង្គភាពជំនាញ គ្រឹះស្ថានបណ្តុះបណ្តាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រែក្លាយសក្តានុពលរបស់ខេត្តពោធិ៍សាត់ ដូចជា វិស័យឧស្សាហកម្ម សំណង់ កសិកម្ម កសិឧស្សាហកម្ម សេវាកម្ម និងបច្ចេកវិទ្យា ទៅជាឱកាសអភិវឌ្ឍសេដ្ឋកិច្ច ស្របតាមគោលនយោបាយជាតិ TVET ឆ្នាំ២០២៣-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា មុននឹងប្រកាសបើកកម្មវិធីជាផ្លូវការ៕
















































