ក្រសួងព័ត៌មាន រៀបចំពិធីបិទបញ្ចប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥
27-11-2026 20:11
(ភ្នំពេញ)៖ គម្រោង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃបន្ទាប់ពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)» ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់ក្រសួងព័ត៌មាន ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលចិន ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានទូតចិនប្រចាំកម្ពុជា តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
ជាកិច្ចចាប់ផ្ដើម លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជានាយកគម្រោង បានថ្លែងពីសមិទ្ធផលសម្រេចបានក្នុងរយៈពេលពេញ១ឆ្នាំនៃគម្រោង ដែលបានចំណាយថវិកាប្រមាណ ២៧០,០០០ដុល្លារអាមេរិក។
លោក បន្តថាក្រោមគម្រោងនេះ ក្រសួងព័ត៌មានបានរៀបចំសកម្មភាពសំខាន់ៗរួមមាន ការប្រកួតប្រជែងពានរង្វាន់ផលិតមាតិកា រៀបចំឡើងក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់ឡានឆាង-មេគង្គ» ដោយបើកទូលាយសម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម និងនិស្សិត ដើម្បីលើកកម្ពស់ការផលិតមាតិកាដែលមានគុណភាព ផ្អែកលើការពិត និងការទទួលខុសត្រូវ។
ក្រៅពីនេះ ក្រសួងក៏បានរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្ដីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងតំបន់មេគង្គ-ឡានឆាង ដោយមានអ្នកចូលរួមប្រមាណ ៣០០រូប មកពីបណ្ដាប្រទេសអាស៊ាន និងមេគង្គ-ឡានឆាង ដើម្បីពង្រឹងការយល់ដឹងរបស់សាធារណជនក្នុងការកំណត់ ផ្ទៀងផ្ទាត់ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ សំដៅធានានូវសុចរិតភាពព័ត៌មាន និងបង្កើតលំហព័ត៌មានប្រកបដោយសុវត្ថិភាព។
នាឱកាសនោះ លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេច និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា ដៃគូសហការទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធ និងចូលរួមយ៉ាងសកម្មក្នុងគម្រោងមួយនេះ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីបិទបញ្ចប់នាពេលនេះ មិនមែនជាការបញ្ចប់សកម្មភាពការងារនោះទេ តែជាការបូកសរុបលទ្ធផលការងារដែលសម្រេច សំដៅបន្តលើកកម្ពស់សុចរិតភាពព័ត៌មាន និងពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
បើតាមលោក នេត្រ ភក្ត្រា គម្រោងនេះ ជាគម្រោងដែលពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ គ្រប់គ្រងសណ្តាប់ធ្នាប់ និងសន្តិសុខព័ត៌មាន ព្រមទាំងផ្សព្វផ្សាយកិត្តិនាមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ លោកថា ទន្ទឹមនឹងភាពរីកចម្រើននៃបច្ចេកវិទ្យាសិប្បនិម្មិត រុញច្រានឱ្យព័ត៌មានក្លែងក្លាយកាន់តែច្រើន ដែលនេះមិនមែនជាបញ្ហាបច្ចេកទេស ឬបញ្ហាអ្នកសារព័ត៌មានប៉ុណ្ណោះ តែវាជះឥទ្ធិពលអវិជ្ជមានដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ទំនុកចិត្តមកលើស្ថាប័នព័ត៌មាន បញ្ហាអសន្ដិសុខសង្គមជាដើម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ត្រូវបិទបញ្ចប់នាពេលនេះ ក៏ប៉ុន្តែយើងនឹងបន្តវាយតម្លៃលើការងារដែលសម្រេច និងត្រៀមលក្ខណៈទប់ស្កាត់នូវព័ត៌មានក្លែងក្លាយដែលប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត Ai។ យើងក៏សង្ឃឹមថារដ្ឋាភិបាលចិន នឹងបន្តគាំទ្រដល់ក្រសួងដើម្បីបន្តយុទ្ធនាការនៅឆ្នាំក្រោយៗទៀត...»។
លោករដ្ឋមន្ត្រី បានថ្លែងណែនាំសារជាថ្មីដល់អ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់បច្ចេកវិទ្យា Ai ដើម្បីជាជំនួយក្នុងការសរសេរព័ត៌មាន ប៉ុន្តែកុំប្រើប្រាស់ Ai ជំនួសឱ្យការគិតទាំងស្រុង។
លោករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៥ ដូចខាងក្រោម៖
ទី១៖ ការកសាងសមត្ថភាពប្រជាពលរដ្ឋឱ្យក្លាយទៅជាអ្នកប្រើប្រាស់ព័ត៌មានដែលមានចំណេះដឹង និងការពិចារណា។ យើងត្រូវពង្រីកការអប់រំផ្នែកព័ត៌មាន និងឌីជីថលឱ្យកាន់តែទូលំទូលាយ ជាពិសេសដល់សិស្ស និស្សិត យុវជន និងសហគមន៍មូលដ្ឋាន។ គោលដៅចម្បងរបស់យើងគឺមិនមែនគ្រាន់តែឱ្យពលរដ្ឋចេះប្រើបច្ចេកវិទ្យានោះទេ ប៉ុន្តែត្រូវចេះស្វែងរកប្រភព ពិនិត្យផ្ទៀងផ្ទាត់ ប្រៀបធៀបព័ត៌មាន និងគិតពិចារណាដោយឯករាជ្យ មុននឹងសម្រេចជឿ ឬក៏ចែករំលែកបន្ត។
ទី២៖ លើកកម្ពស់គុណភាព និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានត្រូវបន្តដើរតួនាទីជាខ្សែការពារដ៏រឹងមាំនៃការពិត តាមរយៈការផ្ទៀងផ្ទាត់ប្រភព ការត្រួតពិនិត្យអង្គហេតុ ការផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងការគោរពគ្រប់សីលធម៌វិជ្ជាជីវៈ។ ក្នុងបរិបទកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលព័ត៌មានអាចត្រូវបានបង្កើតឡើងក្នុងរយៈពេលត្រឹមតែមួយវិនាទី តម្លៃពិតរបស់អ្នកសារព័ត៌មានមិនស្ថិតនៅលើការផ្សាយមុនគេនោះទេ ប៉ុន្តែស្ថិតនៅលើភាពត្រឹមត្រូវ ឯករាជ្យ និងភាពជឿទុកចិត្តបាន។
ទី៣៖ ប្រើប្រាស់បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាថ្មីៗដោយការទទួលខុសត្រូវ មិនមែនជាការជំនួសការវិនិច្ឆ័យរបស់មនុស្សឡើយ។ យើងត្រូវពង្រឹងចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់តាមដាន វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្លឹមសារដែលបង្កើតដោយបញ្ញាសិប្បនិម្មិត និងធានាថាការប្រើប្រាស់បច្ចេកវិទ្យាត្រូវគោរពតាមគោលការណ៍វិជ្ជាជីវៈ ការទទួលខុសត្រូវ និងផលប្រយោជន៍សាធារណៈ។ បច្ចេកវិទ្យាអាចជួយគាំទ្រយើងបាន ប៉ុន្តែមិនអាចជំនួសការទទួលខុសត្រូវរបស់មនុស្សបានឡើយ។
ទី៤៖ ផ្ដល់ព័ត៌មានដល់សាធារណជនកាន់តែទាន់ពេលវេលា ច្បាស់លាស់ និងអាចជឿទុកចិត្តបាន។ ស្ថាប័នសាធារណៈត្រូវចាត់ទុកការផ្ដល់ព័ត៌មានជាកាតព្វកិច្ចសេវាសាធារណៈដ៏សំខាន់។ ព័ត៌មានដែលត្រឹមត្រូវតែផ្ដល់ឱ្យយឺតពេល អាចបាត់បង់ប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន។ ហេតុនេះ យើងត្រូវពង្រឹងការសម្របសម្រួលរវាងអង្គភាព ការត្រៀមលក្ខណៈក្នុងស្ថានភាពវិបត្តិ និងសមត្ថភាពរបស់អ្នកនាំពាក្យគ្រប់លំដាប់ថ្នាក់ ដើម្បីធានាថាការពិតទៅដល់ប្រជាពលរដ្ឋបានឆាប់រហ័ស ច្បាស់លាស់ និងស្របតាមកាលៈទេសៈ។
ទី៥៖ ពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយឈរលើការគោរពគ្នា និងផលប្រយោជន៍រួម។ ព័ត៌មានមិនមានព្រំដែន ហើយបញ្ហាឆ្លងដែនក៏មិនអាចដោះស្រាយដោយប្រទេសណាមួយតែឯងបានដែរ។ កម្ពុជាគាំទ្រការបន្តផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ព្រមទាំងការពិភាក្សាអំពីការកែសម្រួលយន្តការដែលមានស្រាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ៕





























