គយកម្ពុជា និងអ្នកជំនាញបច្ចេកវិទ្យា មកពីបណ្តាប្រទេសចំនួន១៥ ក្នុងតំបន់អាស៊ី និងអឺរ៉ាស៊ី ជួបគ្នាចែករំលែកបទពិសោធន៍ លើការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងប្រតិបត្តការស្គែនត្រួតពិនិត្យទំនិញ
28-11-2026 16:10
(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចូលរួមវេទិកាស្តីពី បច្ចេកវិទ្យាត្រួតពិនិត្យឆ្លាតវៃប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI-Powered Smart Screening Technology Forum) ដែលរៀបចំឡើងដោយក្រុមហ៊ុន Nuctech Co., Ltd. នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ អាកាសយានដ្ឋានអន្តរជាតិ អាជ្ញាធរជាតិអាកាសចរស៊ីវិល ស្ថាប័នស្រាវជ្រាវ និងអ្នកជំនាញបច្ចេកវិទ្យាមកពីបណ្តាប្រទេសចំនួន ១៥ ក្នុងតំបន់អាស៊ី និងអឺរ៉ាស៊ី។
វេទិកានេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងសន្តិសុខអាកាសចរណ៍ឆ្លាតវៃ បច្ចេកវិទ្យាស្គែនកម្រិតខ្ពស់ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ ការធ្វើសមាហរណកម្មប្រព័ន្ធត្រួតពិនិ ត្យទៅក្នុងប្រតិបត្តិការអាកាសយានដ្ឋាន និងនវានុវត្តបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពសន្តិសុខ។
ថ្លែងក្នុងពិធីបើកវេទិកា លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចសហការ រយៈពេលប្រមាណ ២០ឆ្នាំជាមួយក្រុមហ៊ុន Nuctech គិតចាប់តាំងពីឆ្នាំ២០០៦ មក ដែលបច្ចុប្បន្ននេះ ម៉ាស៊ីនស្គែនចំនួន ១៦ គ្រឿង កំពុងត្រូវបានប្រើប្រាស់ នៅតាមបណ្ដាអង្គភាពគយនិងរដ្ឋាករនានា ព្រមទាំងបានសហការរៀបចំដាក់ឱ្យដំណើរការ ប្រព័ន្ធប្រមូលផ្តុំរូបភាពស្គែន មកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដោយស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ (Electronic Cargo Tracking System)។
ទន្ទឹមនេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីចំណាប់អារម្មណ៍លើការវិវត្ត និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងកិច្ចប្រតិបត្តការគយ ដូចជា៖ ការត្រួតពិនិត្យដោយប្រើប្រាស់ម៉ាស៊ីនស្គែន និងការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រតិវេទន៍គយ ដែលនឹងផ្លាស់ប្តូរការគ្រប់គ្រងព្រំដែន ទៅជាការគ្រប់គ្រងហានិភ័យប្រកបដោយភាពជាក់លាក់ខ្ពស់។
ការវិភាគរូបភាពស្គែនដោយមានជំនួយពី AI នឹងអនុញ្ញាតឱ្យមន្ត្រីគយជួរមុខរកឃើញ ដោយស្វ័យប្រវត្តិនិងភ្លាមៗទាន់ពេលវេលានូវទំនិញគេចពន្ធ និងភាពមិនប្រក្រតីនៃការផ្ទុកទំនិញ ព្រមទាំងការផ្ទៀងផ្ទាត់រូបភាពស្គែនជាមួយព័ត៌មានទំនិញក្នុងប្រតិវេទន៍គយ ក្នុងទម្រង់អេឡិចត្រូនិក អាចរកឃើញការប្រកាសព័ត៌មានមិនត្រឹមត្រូវ តាមរយៈការផ្ទៀងផ្ទាត់ជាមួយការចាត់ថ្នាក់ទំនិញ ដើម្បីឈានទៅដល់ការទប់ស្កាត់ការគេចវេះពន្ធអាករ ដោយមិនធ្វើឱ្យប៉ះពាល់ ឬយឺតយ៉ាវដល់រំហូរនៃការធ្វើពាណិជ្ជកម្មស្របច្បាប់ឡើយ។
ក្នុងឱកាសនេះ អ្នកចូលរួមទាំងអស់នឹងចែករំលែកបទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងសន្តិសុខអាកាសចរណ៍ឆ្លាតវៃ បច្ចេកវិទ្យាស្គែនកម្រិតខ្ពស់ ការត្រួតពិនិត្យដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត ដំណោះស្រាយសម្រាប់ការគ្រប់គ្រងអីវ៉ាន់ និងទំនិញតាមអាកាសយានដ្ឋាន ព្រមទាំងនិន្នាការនាពេលអនាគតនៃស្តង់ដារសន្តិសុខអាកាសចរណ៍។
សម្រាប់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា វេទិកានេះបានផ្តល់នូវឱកាសដ៏មានតម្លៃ ក្នុងការពង្រឹងការផ្លាស់ប្តូរចំណេះដឹងជាមួយដៃគូអន្តរជាតិ និងសិក្សាស្វែងយល់អំពីសក្តានុពលនៃការប្រើប្រាស់បច្ចេកវិទ្យាត្រួតពិនិត្យទំនើប ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្ម ការគ្រប់គ្រងព្រំដែន និងសន្តិសុខ។
បច្ចេកវិទ្យាទាំងនេះក៏មានសារៈសំខាន់ ចំពោះការអភិវឌ្ឍសមត្ថភាពត្រួតពិនិត្យរបស់រដ្ឋបាលគយ ជាពិសេសក្នុងវិស័យត្រួតពិនិត្យទំនិញតាមរយៈការស្គែន និងការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃប្រតិបត្តិការគយនៅកម្ពុជា៕

























