អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាំយកអំណោយសប្បុរសធម៌ឧបត្ថម្ភដល់សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក
28-11-2026 16:22
(ភ្នំពេញ)៖ លោក ប៊ុន ជីវ ប្រធាននាយករបបគយ តំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារសប្បុរសធម៌ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ របស់សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជូនសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ដែលមានបុគ្គលិកចំនួន៩០នាក់ និងមានទីស្នាក់ការកណ្តាល នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងសាខារបស់សមាគមនៅខេត្តបាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និងពោធិ៍សាត់។
ក្នុងនាមក្រុមការងារសប្បុរសធម៌ លោក ប៊ុន ជីវ បានសម្តែងសេចក្តីសោមនស្សរីករាយ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារ នាពេលកន្លងមករបស់សមាគម វិទ្យុ និងទូរស្សន៍អនឡាញសំឡេងជនពិការភ្នែក ដែលបានជួយជនពិការភ្នែក និងជនពិការដទៃទៀត ឱ្យទទួលបានការងារប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានសិទ្ធិសេរីភាពបរិបូរណ៍ ព្រមទាំងរស់នៅក្នុងសង្គមប្រកបដោយសេចក្ដីសង្ឃឹម និងមានមោទនភាពក្នុងជីវិត។
ទន្ទឹមនេះ លោកប្រធានក្រុមការងារ បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការជួយជ្រោមជ្រែងឧបត្ថម្ភ ដល់សមាគម វិទ្យុ និងទូរស្សន៍អនឡាញសំឡេងជនពិការភ្នែក រួមទាំងវីរកងទ័ព អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា។
អំណោយសប្បុរសធម៌ក្នុងពេលនេះ រួមមាន៖ អង្ករផ្កាខ្ញី៥០គីឡូក្រាម ចំនួន១៥បាវ, មីជាតិ១២កេសតូច, ត្រីខកំប៉ុង ២០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ស្ករស៥០គីឡូក្រាម ចំនួន២បាវ និងម៉ាស៊ីនជំរុញទឹក ចំនួន១គ្រឿង ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់សមាគម គណៈគ្រប់គ្រង និងបុគ្គលិករបស់សមាគម ផងដែរ។
ក្នុងឱកាសនោះ លោក សែម សំណាង អគ្គនាយកសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករទាំងអស់ ព្រមទាំងក្រុមការងារសប្បុរសធម៌ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយសប្បុរសធម៌ជូនសមាគមជាលើកទី៤។
គួរបញ្ជាក់ផងដែរថា មូលនិធិសប្បុរសធម៌របស់សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្កើតឡើងកាលពីឆ្នាំ២០២០ ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់សម្រាល ដល់ការលំបាកចំពោះ អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា៕



















