* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋខ្មែរប្រតិកម្មខ្លាំង ចំពោះការប្តូរឈ្មោះ «រមណីយដ្ឋានភ្នំបូកគោ» ទៅជា «រមណីយដ្ឋានសុខា»

22-09-2017 20:00

(ភ្នំពេញ)៖ ក្នុងអំឡុងពេលធ្វើដំណើរទៅលេងកម្សាន្តនៅរមណីយដ្ឋានភ្នំបូកគោនាអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញស្លាកសញ្ញាស្វាគមន៍នៅខ្លោងទ្វារចូលទៅកាន់ «រមណីយដ្ឋានភ្នំបូកគោ» ដែលប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ ត្រូវបានគេប្តូរទៅជា «រមណីយដ្ឋានសុខា» ជាកម្មសិទ្ធិផ្តាច់មុខក្រុមហ៊ុនសុខា របស់អ្នកឧកញ៉ា សុខ គង់។

តំបន់រមណីយដ្ឋានភ្នំបូកគោ ត្រូវបានក្រុមហ៊ុនសុខា សម្រេចផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ។ នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុន។ តែក្នុងសេចក្តីជូនដំណឹងនោះ ក្រុមហ៊ុនមិនបានបង្ហាញពីមូលហេតុ នៃការផ្លាស់ប្តូរឈ្មោះនេះឡើយ។

ការផ្លាស់ប្តូរឈ្មោះតំបន់រមណីយដ្ឋានដ៏ទាក់ទាញរបស់កម្ពុជា ហើយមានប្រវត្តិទាក់ទងជាមួយអតីតព្រះមហាក្សត្រខ្មែរនេះ មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលនោះទេ តែក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ទៅលេងកម្សាន្តនៅទីនោះ ផ្ទុះការរិះគន់យ៉ាងច្រើនផងដែរ។

ក្រុមអ្នករិះគន់បានលើកឡើងថា ក្រុមហ៊ុនមិនគួរប្តូរឈ្មោះរមណីយដ្ឋានមួយនេះនោះឡើយ ព្រោះតំបន់ទេសចរណ៍នេះមានប្រវត្តិសាស្រ្តយូរលង់របស់ខ្មែរ ជាពិសេស ជាប់ទាក់ទងជាមួយអតីតព្រះមហាក្សត្រខ្មែរតាំងពីរជ្ជកាលព្រះស៊ីសុវត្ថិ មុនីវង្ស ដែលព្រះអង្គតែងយាងទៅលំហែព្រះកាយនៅទីនោះ ហើយរហូតព្រះឈួនសោយទិវង្គតនៅព្រះរាជតំណាក់លើភ្នំបូកគោថែមទៀតផង។

ប្រជាពលរដ្ឋ បានចោទប្រកាន់ថា ការកែប្រែឈ្មោះរមណីយដ្ឋានបូកគោពីសំណាក់ក្រុមហ៊ុនសុខា តើជាចេតនាក្នុងការក្តោបក្តាប់យកតំបន់រមណីយដ្ឋាន ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនឬ ? ខណៈដែលប្រជាពលរដ្ឋខ្មែរជាច្រើនបានចាត់ទុកតំបន់រមណីយដ្ឋានមួយនេះ ជាសម្បត្តិរបស់រដ្ឋ និងជាសម្បត្តិរបស់ពលរដ្ឋខ្មែរទាំងមូល។ ការកែប្រែឈ្មោះនេះ គួរតែមានមានពាក្យ «បូកគោ» ដែលភ្នំប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់កម្ពុជា។

រមណីដ្ឋានភ្នំបូកគោ មានកំពស់ ១០៧៥​ម៉ែត្រ ស្ថិត​នៅ​ចម្ងាយ ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពត និងមានចម្ងាយជិត ២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ​ឧទ្យាន​ជាតិ​ភ្នំបូកគោ ត្រូវ​បានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ ​មាន​សំណង់​អាគារ​សាធារណៈ​ជា​ច្រើន​ប្រៀប​ដូច​ជាទី​ក្រុង​មួយ​ដែរ។

រមណីយដ្ឋានភ្នំបូកគោ គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ និងល្បាញល្បីនៅក្នុងប្រទេសកម្ពុជាលើទឹកដីនៃខេត្តកំពត។ រមណីយដ្ឋានដែលមានកម្ពស់កប់ពពកមួយនេះ មានកន្លែងសម្រាប់កម្សាន្ត និងលំហែកាយជាច្រើន ដូចជាទឹកជ្រោះ​ពពក​វិល, ថ្ម​មុខ​យក្ស​ ឬអ្នកថែរក្សាព្រៃ, បឹង​លើ​ភ្នំ, វត្ត​សំពៅ​ប្រាំ, ព្រះវិហារ​កាតូលិក​ចាស់, ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់), ដំណាក់​ស្លា​ខ្មៅ, ដំណាក់​ព្រះបាទ​មុនីវង្ស ឬ​ដំណាក់​ស្តេច, វាលស្រែ៥០០ និងកន្លែង​សមាធិ។

ក្រុមហ៊ុនសុខា ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា កាលពីអំឡុងឆ្នាំ២០០៨។ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍតំបន់រមណីយដ្ឋានមួយនេះ យ៉ាងច្រើនដូចជា ការសាងសង់ផ្លូវ សាងសង់សណ្ឋាគារ និងសំណង់ផ្សេងៗ ដើម្បីធ្វើឲ្យតំបន់រមណីយដ្ឋានកាន់តែមានការទាក់ទាញបន្ថែមទៀត។

ទន្ទឹមការរិះគន់ និងការភ្ញាក់ផ្អើលប្រជាពលរដ្ឋខ្មែរ ក៏ចង់ឃើញក្រុមហ៊ុនសុខា រក្សាឈ្មោះរមណីយដ្ឋានបូកគោនេះឲ្យនៅដដែល ព្រោះជាឈ្មោះសម្គាល់ទីតាំង រមណីយដ្ឋាន ដែលពលរដ្ឋខ្មែរបានស្គាល់ទូទាំងប្រទេសតាំងពីដើមមក និងជាប់ទាក់ទងយ៉ាងច្រើនជាមួយប្រវត្តិសាស្រ្តខ្មែរ។ លើសពីនេះទៀត ការបំបាត់ឈ្មោះ «រមណីយដ្ឋានភ្នំបូកគោ» ស្មើនឹងការបំបាត់អត្តសញ្ញាណដើមនៃតំបន់រមណីយដ្ឋានទេសចរណ៍នេះផងដែរ៕