* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សំប៉ានលាសំពៅ៖ បក្សភ្លើងទៀននឹងចូលរួមក្នុងការបោះឆ្នោត ?

06-04-2018 15:19

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ គណបក្សភ្លើងទៀនបានធ្វើសមាជវិសាមញ្ញមួយ ដើម្បីធ្វើវិសោធនកម្មលក្ខន្តិកៈរបស់គណបក្សនិងបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំបក្សចំនួន២៥រូប។ មានសំណួរជាច្រើនជុំវិញការធ្វើសមាជរបស់គណបក្សនេះ នៅក្នុងបរិការណ៍នយោបាយមួយ ដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ ហើយដែលគណបក្សសង្រ្គោះជាតិ មិនមានសង្ឃឹមទាល់តែសោះថា នឹងអាចត្រូវប្រស់រស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតខាងមុខនេះ។

ម្យ៉ាងទៀតលោក សម រង្ស៊ី ដែលជាប្រធានចលនាសង្រ្គោះជាតិ ក៏ត្រូវបានអ្នកវិភាគមើលឃើញថា ជាអ្នកនៅពីក្រោយឆាកនៃធ្វើសមាជបក្សភ្លើងទៀន ដើម្បីកែលក្ខន្តិកៈ និងរៀបចំក្បាលម៉ាស៊ីនៃបក្សនេះឡើងវិញ ត្បិតអី គ្រប់គ្នាបានដឹងច្បាស់ណាស់ថា គណបក្សភ្លើងទៀននេះដែលជាឈ្មោះថ្មីដូរមកពីគណបក្ស សម រង្ស៊ី គឺជាគណបក្ស ដែលលោក សម រង្ស៊ី បានបង្កើតឡើង ជាកម្មសិទ្ធិផ្តាច់មុខរបស់លោក សម រង្ស៊ី ហើយលោក សម រង្ស៊ី នៅតែបន្តគ្រប់គ្រងគណបក្សនេះ រហូតមកក្នុងឋានៈជាបិតា គណបក្សនេះ ដែលមិនអាចមាននរណាថ្លើមធំ ហ៊ានធ្វើអ្វីមួយ ដោយមិនឆ្លងការសម្រេច ឬការបញ្ជារបស់មេបក្សស្រមោលនេះបានឡើយ។

សមាជវិសាមញ្ញកន្លងទៅ បានសម្រេចលុបចេញនូវជំពូកទី៨ ស្តីពីអន្តរប្បញ្ញត្តិ នៃលក្ខន្តិកៈចាស់។ ជំពូកទី៨នេះ គឺជាចំណុចចាប់អារម្មណ៍ជាងគេ ដោយសារជំពូក អន្តរប្បញ្ញត្តិនេះ ចែងអំពីសកម្មភាពរបស់គណបក្សនេះក្នុងពេលអន្តរកាល ដែលមិនអាចចូលរួមក្នុងការប្រកួតប្រជែងក្នុងបោះឆ្នោត ក្រោយពេលលោក សម រង្ស៉ី និង លោក កឹម សុខា បានរួមគ្នាបង្កើតគណបក្សសង្រ្គោះជាតិ ហើយជំពូកនេះកំណត់អំពីក្បាលម៉ាស៉ីនដឹកនាំនៃគណបក្សដែលត្រូវធ្វើឡើងដោយគណៈកម្មការចំពោះ កិច្ចមួយដែលមានសមាសភាព៥រូប។

ប៉ុន្តែសមាជវិសាមញ្ញកាលពីថ្ងៃ២៦ ខែកុម្ភៈ បានកែប្រែស្ថានភាពទាំងនេះអស់រលីង។ រាល់បញ្ញត្តិនៃលក្ខន្តិកៈដែលហាមគណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោត ត្រូវបានលុបចេញទាំងអស់ ហើយគណៈកម្មការចំពោះកិច្ច ដែលមានសមាសភាព៥រូប ដែលជាស្ថាប័នដឹកនាំបក្សក្នុងពេលអន្តរកាល ក៏ត្រូវបានលុបចោលផងដែរ។ មិនត្រឹមតែលុបចោលគណៈកម្មការចំពោះកិច្ចប៉ុណ្ណោះទេ តែសមាជវិសាមញ្ញនេះ ក៏បានបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីជំនួសឱ្យគណៈកម្មការ ចំពោះកិច្ចនេះ ក្នុងនោះគាំទ្រលោក ទាវ វណ្ណុល ជាប្រធានគណបក្ស, លោក ចេប គីមអ៊ាង ជាអនុប្រធានគណបក្ស, សមាជិកគណៈកម្មាធិការនាយក គណបក្សសរុបចំនួន ២៥ រូប ក្នុងនោះ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស៩រូបផងដែរ។

ការកែប្រែលក្ខន្តិកៈ ដោយលុបចេញបញ្ញត្តិស្តីពីការមិនចូលរួមបោះឆ្នោតរបស់គណបក្សភ្លើងទៀន និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំបក្សឡើងវិញដាច់ខាតពុំមែនជា ការរៀបចំដើម្បីឱ្យគណបក្សនេះ អាចរំលាយខ្លួនបាន ដូចការប្រកាសជាសាធារណៈរបស់គណបក្សនេះទេ ប៉ុន្តែ ច្បាស់ណាស់ វាការត្រៀមលក្ខណៈមួយផ្នែកផ្លូវច្បាប់ យ៉ាងច្បាស់ក្រឡែត ដើម្បីបើកផ្លូវឱ្យគណបក្សនេះ អាចចូលរួមក្នុងការបោះឆ្នោតខាងមុខ។

ដើម្បីងាយយល់អំពីគោលបំណង នយោបាយនៃសេណារីយ៉ូថ្មីដែលរៀបចំដោយលោក សម រង្ស៊ី យើងត្រូវកត់សម្គាល់ថា ចង់មិនចង់ មកដល់ម៉ោងនេះ ក្រុមប្រឆាំងនៃអតីតគណបក្សសង្រ្គោះជាតិបានបែកជាពីររួចទៅហើយ ម្ខាង គឺសពនៃគណបក្សសង្រ្គោះជាតិ កាន់កាប់ដោយក្រុមលោក កឹម សុខា ដឹកនាំដោយ កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា ហើយមានការគាំទ្រពីបរទេស និងម្ខាងទៀត គឺចលនាសង្រ្គោះជាតិ ដែលបង្កើតឡើង និងកាន់កាប់ដោយលោក សម រង្ស៊ី ដែលជាបុគ្គលក្រៅឆាក សម្រាប់សពនៃបក្សសង្រ្គោះជាតិ។

លោក សម រង្ស៊ី និងក្រុមរបស់គាត់ តែងចាត់ទុក ថា បក្សសង្រ្គោះជាតិ គឺជា សំពៅដែលជាប់គាំង និងលិចនៅកណ្តាលសមុទ្រ ហើយចលនាសង្រ្គោះជាតិ គឺជាសំប៉ាន ដែលចាំជួយដឹកជញ្ជូនសង្រ្គោះមនុស្សពីសំពៅសង្រ្គោះជាតិដែលកំពុងលិច។ មកដល់ម៉ោងនេះ គេមិនដែលឃើញឡើយ លោក សម រង្ស៊ី ធ្វើការជាមួយគ្នាជាមួយកូនស្រីលោក កឹម សុខា ចាប់តាំងពីពេលដែលលោក សម រង្ស៊ី បានបង្កើតចលនា សង្រ្គោះជាតិ ដែលលោក កឹម សុខា បានប្រកាសចេញពីពន្ធនាគារ ដោយមិនគាំទ្រចលនានេះឡើយ។

ការធ្វើសកម្មភាពឡើងវិញនៃគណបក្សភ្លើងទៀន គឺច្បាស់ណាស់ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ចលនាសង្រ្គោះជាតិ ត្បិតអីលោក សម រង្ស៊ី ធ្លាប់បានអះអាងហើយថា ចលនាសង្រ្គោះជាតិ ដែលមានចរិតជាចលនាឧទ្ទាមមួយនេះ ត្រូវធ្វើសកម្មភាព ទាំងនៅខាងក្នុងប្រទេស ទាំងនៅខាងក្រៅប្រទេស។ សកម្មភាពនៅខាងក្រៅប្រទេសរបស់ចលនានេះ គឺពុំមានអ្វីជាការកត់សម្គាល់ជាដុំកំភួននោះទេ ព្រោះសកម្មភាពខាងក្រៅនេះ ត្រូវបានដឹកនាំធ្វើដោយក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិរួចហើយ ជាពិសេស គឺក្រុមកូនស្រី របស់លោក កឹម សុខា ឯលោក សម រង្ស៊ី គ្រាន់តែជាមនុស្សក្រៅឆាកនៃសពគណបក្សសង្រ្គោះជាតិប៉ុណ្ណោះ។ ដូចនេះ សកម្មភាពនៅខាងក្នុងប្រទេសនៃចលនាសង្រ្គោះជាតិ គឺប្រាកដណាស់ ត្រូវប្រើបក្សភ្លើងទៀន ដែលជាបក្សចាំផ្ទះរបស់លោក សម រង្ស៊ី។ បក្សភ្លើងទៀននេះ ត្រូវធ្វើសកម្មភាពឡើងវិញដើម្បីប្រមូលថ្នាក់ដឹកនាំ និងសកម្មជននៃអតីតបក្សសង្រ្គោះជាតិនៅក្នុងប្រទេស។

ក្នុងន័យនេះបក្សភ្លើងទៀន នឹងក្លាយជាបក្សប្រឆាំងធំតែមួយគត់ ដែលអាចជំនួសឱ្យសពនៃបក្សសង្រ្គោះជាតិ និងអាចមាន សង្ឃឹមយ៉ាងមុតមាំក្នុងការទទួលបាន អាសនៈច្រើននៅក្នុងរដ្ឋសភា ដើម្បីមានកម្លាំងនយោបាយចរចាជាមួយគណបក្សប្រជាជនកម្ពុជា ស្វែងរកដំណោះស្រាយនយោបាយក្រោយការបោះឆ្នោត ហើយជាពិសេស អាចធ្វើឲ្យលោក សម រង្ស៊ី វិលចូលឆាកនយោបាយ និងក្តោបក្តាប់យកបក្សប្រឆាំងមកវិញ។ យុទ្ធសាស្រ្តនេះគឺខុសពីយុទ្ធសាស្រ្តនៃក្រុមលោក កឹម សុខា ដែលមានជំហរដាច់ខាតមិនចូលរួមក្នុងការបោះឆ្នោត ហើយថែមទាំងបញ្ជាឱ្យគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ប្រកាសរំលាយខ្លួន ព្រមទាំងជំរុញឱ្យបក្សភ្លើងទៀន ប្រកាស រំលាយខ្លួនផងដែរ ក្រោយពេលបោះឆ្នោតព្រឹទ្ធសភាចប់ ដើម្បីបង្ហាញអំពីភាពស្មោះត្រង់ខាងនយោបាយ ចំពោះសម្ព័ន្ធភាពក្នុងបក្សសង្រ្គោះជាតិ។

ផ្ទុយទៅវិញ បក្សភ្លើងទៀន មិនត្រឹមមិនរំលាយខ្លួននោះទេ ថែមទាំងបានជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី និងបានកែប្រែលក្ខន្តិកៈដកចេញនូវបញ្ញត្តិហាមឃាត់ គណបក្សនេះមិនឱ្យចូលរួមក្នុងការបោះឆ្នោត។ ឥឡូវនេះ ជាមួយនិងការធ្វើសមាជកែលក្ខន្តិកៈ និងរៀបចំក្បាលម៉ាស៉ីនដឹកនាំរបស់គណបក្សភ្លើងទៀនបើកផ្លូវ និងត្រៀមខ្លួន ចូលរួមការបោះឆ្នោត លោក សម រង្ស៉ី បាន បង្ហាញយ៉ាងច្បាស់នូវមហិច្ឆិតាអំណាច និងល្បិចកលនយោបាយ ដោយលែងខ្វល់ខ្វាយអំពីសម្ព័ន្ធភាព នយោបាយ ដែលបានស្លាប់បាត់ទៅហើយជាមួយនិងការរលំរលាយនៃបក្សសង្រ្គោះជាតិ។ នៅទីបំផុត សំប៉ាន ពិតជាបានលាសំពៅ សំដៅទីសុខនៅលើដីគោក ដោយលែងខ្វល់ពីសំពៅដែលកំពុងគាំងលិចនៅកណ្តាលសមុទ្រ។

សេណារីយ៉ូរបស់លោក សម រង្ស៊ី ក៏អាចជាសេណារ៉យ៉ូផ្លូវក្រោយផងដែរ។ ផ្លូវក្រោយនេះ នឹងអាចប្រើប្រាស់នៅពេលដែលយុទ្ធនាការនៅក្រៅប្រទេស មិនទទួលបានលទ្ធផលល្អ ឬបរទេសមិនអាចជួយប្រស់សពបក្សសង្រ្គោះជាតិអោយរស់ឡើងវិញ។ ចំពោះលោក សម រង្ស៊ី ដែលជាអ្នកនយោបាយជើងចាស់ ចាញ់ច្រើនវស្សា គឺមើលឃើញយ៉ាងច្បាស់ថាសេណារីយ៉ូនៃការរស់ឡើងវិញរបស់សពបក្សសង្រ្គោះជាតិ គឺដាច់ខាតមិនអាចទៅរួចនោះទេ ត្បិតអីកាលបរិច្ឆេទនៃការចុះឈ្មោះគណបក្សនយោបាយកាន់តែខិតជិត មកដល់ គឺចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១៤ ខែឧសភា។ លោក សម រង្ស៊ី ខ្លួនឯងក៏ធ្លាប់បាននិយាយច្រើនលើកដែរហើយថា បក្សសង្រ្គោះជាតិបានស្លាប់បាត់ទៅហើយ គួរធ្វើកិច្ចដើម្បីបូជាបញ្ចប់ រួចរកវិធីថ្មី ដើម្បីធ្វើដំណើរទៅមុខបន្តទៀត។

គួរកត់សម្គាល់ផងដែរថា ការបោះឆ្នោតរដ្ឋសភាកន្លងមក គឺបានអនុវត្តយ៉ាងទៀងទាត់ស្របតាមរដ្ឋធម្មនុញ្ញ ដែលកំណត់ថា នីតិកាលរដ្ឋសភាមានរយ:ពេល៥ឆ្នាំ។ ប្រសិនបើការបោះឆ្នោតនាខែកក្កដា បានកន្លងទៅ នោះអ្វីៗនឹងហួសពេលសម្រាប់ពួកប្រឆាំង ព្រោះរដ្ឋធម្មនុញ្ញ មិនអនុញ្ញាតឱ្យមានការបោះឆ្នោតជាថ្មីឡើយ។ មិនទទួលយកការបោះឆ្នោតនាខែកក្កដាខាងមុខ គឺអាចមានន័យស្មើនឹងការបោះបង់រដ្ឋធម្មនុញ្ញបច្ចុប្បន្ន។

បើគិតឱ្យបានគ្រប់ជ្រុងជ្រោយនៃយុទ្ធសាស្រ្ត ទាំងសម្រាប់ការបោះឆ្នោតចំពោះមុខ ទាំងសម្រាប់រយៈពេលវែង ជម្រើសរបស់លោក សម រង្ស៊ី ក្នុងសេណារីយ៉ូ ឱ្យបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ គឺជាជម្រើសនយោបាយទ្វេលាភ ដោយសារម្យ៉ាង វាជាគន្លឹះសម្រាប់ស្វែងរកដំណោះស្រាយ នយោបាយតាមបែបទន់ភ្លន់ក្រោយការបោះឆ្នោតផង ហើយម្យ៉ាងទៀត ជាច្រកនយោបាយសម្រាប់លោក សម រង្ស៊ី ក្តោបក្តាប់បក្សប្រឆាំងឡើងវិញផង។ ក្រៅពីនេះ លោក សម រង្ស៊ី តាមរយៈការឱ្យបក្សភ្លើងទៀនចូលរួមក្នុងការបោះឆ្នោត ដើម្បីជាការចាប់ផ្តើមស្វែងរកដំណោះស្រាយនយោបាយរវាងខ្មែរ និងខ្មែរ នឹងអាចទទួលបាន សមានចិត្តបន្ថែមពីពលរដ្ឋខ្មែរអ្នកកណ្តាលនិយម និងអ្នករកស៊ីក្នុងស្រុក ដោយសារលោក សម រង្ស៊ី បានជួយឱ្យកម្ពុជារួចផុតពីការព្រួយបារម្ភក្នុងរឿងបរទេស ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា។ នៅទីបំផុត ក្រុមលោក កឹម សុខា បានត្រឹមអង្គុយយំកាន់ទុក្ខឱបសពបក្សសង្រ្គោះជាតិដើម្បីរង់ចាំពេលវេលាសម្រាប់ បូជាប៉ុណ្ណោះ៕

ព្រៃនគរក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៨
ដោយ៖ ចៅចាក់ស្មុក