សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី

17-10-2025 12:28

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា៖ «តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា រីករាយយ៉ាងក្រៃលែង និងអំណរសាទរយ៉ាងជ្រាលជ្រៅក្នុងឱកាសដែល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/១០២៥/១៣៣២ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥»។

ការទទួលបាននូវឋានៈតួនាទីដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុតចំពោះគុណបំណាច់ និង ស្នាដៃឆ្នើមរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ និងបានធ្វើពលិកម្មជាច្រើនប្រកបដោយមនសិការជាតិក្នុងបុព្វហេតុជាតិមាតុភូមិ ដើម្បី ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ និងប្រជាជនកម្ពុជា ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។ ជាពិសេស ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងការស្តារ និងកសាងសង្គមជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យ សំដៅនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការលើកកម្ពស់នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស ឯករាជ្យជាតិ បូរណភាពទឹកដី លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកស្ទួយ កិត្យានុភាពជាតិឱ្យល្បីរន្ទឺសុសសាយទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងមានស្វាមីភក្តិចំពោះ ព្រះរាជបល្ល័ង្ក និងការពារដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕