សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិត​គោរពជូន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃខួបចម្រើនជន្មាយុ

18-10-2025 20:23

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមសារលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងសារលិខិត បានសរសេរថា «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និង កងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំបាទមានសេចក្តី សោមនស្សរីករាយ សូមគោរពជូនពរជ័យ បវរមហាប្រសើរ ជូនសម្តេចមហាបវរធីបតី សូមសម្រេច បាននូវមហាជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំបាទសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចមហាបវអធិបតី ដែលបានយកអស់ កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងទេពកោសល្យ ក្នុងការដឹកនាំកសាង ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងដ៏ឆ្នើមជាទីបំផុត ក្នុងការ ដាក់ឱ្យអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព ស្ថិរភាព ឯកភាពជាតិ សាមគ្គីភាពជាតិជាធ្លុងមួយ និងមានការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ ជាពិសេសបានលើកកម្ពស់កិត្យានុភាពជាតិល្បី រន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ។

នៅក្នុងឱកាសដ៏បវរមហាប្រសើរនេះ ខ្ញុំបាទសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា-បុត្រី សូមបានប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕