សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ខៀវ រ៉ាវី
06-12-2025 18:16
(ភ្នំពេញ)៖ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធាននិងជាអគ្គលេខាធិការថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា អគ្គាធិការរងពុទ្ធិកសិក្សាជាតិ សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះអគ្គ និងជាព្រះចៅអធិការវត្តវិមានតេជះ ហៅស្រះចក បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាកូនស្រីបង្កើត បានទទួលមរណភាព នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយជរាពាធ។
ក្នុងលិខិតរំលែកមរណទុក្ខនោះ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា បានមានសង្ឃដីកាថា« អាត្មាភាពពិតជាមានក្តីរន្ធត់ឥតឧបមា និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំ នៃការទទួលមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាបុត្រី របស់ឯកឧត្តមនិងលោកជំទាវ នាថ្ងៃអាទិត្យ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២:៣៨ នាទីក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់លោកស្រី ខៀវ រ៉ាវី គឺជាការបាត់បង់បុត្រីជាទីស្រឡាញ់បំផុតរបស់ឯក និងលោកជំទាវ និងជាបុត្រីប្រកបដោយកតញ្ញូតាធម៌ចំពោះមាតាបិតា។ ជាឧត្តមភរិយារបស់ស្វាមី ជាមាតាដ៏ល្អ ប្រកបដោយសង្គហធម៌និងព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ។ ជាការបាត់បង់ពលរដ្ឋដ៏ល្អរបស់សង្គមនិងជា ការបាត់បង់ពុទ្ធសាសនិកដ៏ល្អរបស់ពុទ្ធសាសនា ដែលក្នុងវិថីជីវិតរបស់លោកស្រីតែងតែខ្វល់ខ្វាយចំពោះកិច្ចការ និងសុខទុក្ខក្រុមគ្រួសារ កិច្ចការសង្គម ព្រមទាំងបំពេញបុណ្យកុសលប្រកបដោយសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនា។
ជាទីបញ្ចប់ អាត្មាភាព សូមឧទ្ទិសនូវមហាកុសលជូនចំពោះវិបាកវិញ្ញាណរបស់លោកស្រី ខៀវ រ៉ាវី សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕





