ឯកឧត្តម ជា សុមេធី ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ខៀវ រ៉ាវី
06-12-2025 18:29
(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម មុត ខៀវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ខៀវ រ៉ាវី ដែលត្រូវជាកូនស្រីបង្កើត បានទទួលមរណភាព
នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣៨នាទីយប់ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគាពាធ។
ក្នុងលិខិតរំលែកមរណទុក្ខនេះ ឯកឧត្តម ជា សុមេធី បានលើកឡើងថា « ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ និងភរិយា យើងខ្ញុំមានសេចក្តីក្រៀមក្រំសោកស្តាយជាអតិបរិមា ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់ អំពីមរណភាពរបស់ លោកស្រី ខៀវ រ៉ាវី ត្រូវជាកូនបង្កើត ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣៨ នាទីយប់ ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសំដែងនូវការសោកស្តាយស្រណោះអាឡោះ អាល័យនេះជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវកូន ជាទីស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយកតញ្ញូតាធម៌ចំពោះឪពុកម្តាយ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់ លោកស្រី ខៀវ រ៉ាវី បានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ ក្រៀមក្រំបំផុតនេះ ពីយើងខ្ញុំ»៕





