លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ផ្ញើសារលិខិតជូនពរជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

21-01-2026 17:27

(ភ្នំពេញ)៖ នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមវិសេសវិសាលប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុ៤៥ ឈានចូល ៤៦ឆ្នាំ របស់លោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ តាងនាមសមាគមសិល្បករខ្មែរ និងក្នុងនាមរូបនាងខ្ញុំផ្ទាល់ ព្រមទាំងសិល្បករសិល្បការិនីទាំងអស់ ជាសមាជិកសមាជិកា នៃសមាគមសិល្បករខ្មែរ សូមអនុញ្ញាតសម្តែងនូវគារវកិច្ចគោរព ជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល ជូនចំពោះលោកជំទាវបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ និងចាកផុតពីរោគាព្យាធិនានា។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពសម្តែង នូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះលោកជំទាវបណ្ឌិត ដែលជាកុលធីតាខ្មែរដ៏ឆ្នើមពោរពេញដោយសមត្ថភាព និងទេពកោសល្យមួយរូប ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតាដ៏ល្អថ្លៃថ្លា ពិសេសភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរបស់ លោកជំទាវបណ្ឌិត ជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការងារសង្គមកិច្ច ការងារមនុស្សធម៌ សុខុមាលភាពប្រជាជន ការអប់រំ និងការអភិវឌ្ឍសមត្ថភាពជំនាញសម្រាប់អនាគតរបស់កុមារ ជាពិសេសកុមារី យុវតីនៅទូទាំងប្រទេស។

លើសពីនេះ ក្នុងតួនាទី «ជាស្ត្រីទី១» នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រកៀកស្មា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីវឌ្ឍនភាពជាតិមាតុភូមិ។ ពិសេស យើងខ្ញុំទាំងអស់គ្នាបានមើលឃើញយ៉ាងជាក់ច្បាស់ ពីការចូលរួមវិភាគទានមិនអាចខ្វះបាន ក្នុងការជួយសម្រាលបន្ទុក និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ នៅក្នុងគ្រាដ៏លំបាកនៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យភាពជាតិកម្ពុជា។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយអភិបាលគ្រងរក្សាប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនចំពោះ លោកជំទាវបណ្ឌិត និង សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា បុត្រីជាទីស្រលាញ់ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកជំទាវបណ្ឌិត មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ពីយើងខ្ញុំទាំងអស់គ្នា៕