ឯកឧត្តម ទេសរដ្ឋមន្រ្តី គី តិច ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ

05-02-2026 13:00

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត តេជោសែន សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនៃទិវាដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ គ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់ដោយបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការ ពរជ័យជូនចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕