សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី»

03-03-2026 18:35

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី»។

ក្នុងសារលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល បានសរសេរថា «តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរ ជូន សម្តេចសេដ្ឋវិទូភក្តី ក្នុងឱកាសដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារ ជា សម្តេច សេដ្ឋវិទូភក្តី តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។

ការទទួលបានគោរមងារដ៏ឧត្តុង្គឧត្តមនាពេលនេះ ពិតជាស័ក្តិសមបំផុត ចំពោះ សម្តេចសេដ្ឋវិទូ ភក្តី ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដោយមិនគិតពីការនឿយហត់ ប្រកបដោយសមត្ថភាព និងបទពិសោធ ក្នុងការចូលរួមដង្ហែព្រះរាជកិច្ច និងព្រះរាជតម្រិះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងបានបន្តចូលរួមដង្ហែក្នុងការស្វែងរកសុខសន្តិភាពជូនប្រជារាស្ត្រកម្ពុជា។

ជាពិសេស សម្តេចសេដ្ឋវិទូភក្តី បានដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលកន្លងមក ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានបន្តចូលរួមចំណែកដឹកនាំពង្រឹងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាតិ ជួយលើកស្ទួយជីវភាពប្រជារាស្ត្របានល្អប្រសើរ និងជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែ រីកចម្រើនលើគ្រប់វិស័យ ព្រមទាំងមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទសូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូន សម្តេចសេដ្ឋវិទូភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចសេដ្ឋវិទូភក្តី មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ»៕