សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតអបអរសាទរ និងសូមគោរពជូនពរ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ

03-03-2026 19:03

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងសូមគោរពជូនពរ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី»។

ក្នុងសារលិខិត របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសរសេរថា «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា រីករាយ និងអំណរសាទរយ៉ាងជ្រាលជ្រៅក្នុងឱកាសដែល ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ត្រូវបាន ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា សម្តេចសេដ្ឋវិទូភក្តី តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៦/២៨៣ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

ស្ថិតក្នុងវរោកាសដ៏មហានក្ខត្តឫក្សអធិកអធមនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរពដឹងគុណដ៏ ជ្រាលជ្រៅបំផុតចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមថ្លៃថ្លា និងសូមកោតសរសើរដ៏ស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាព ដ៏ឆ្នើមរបស់ សម្តេចសេដ្ឋវិទូភក្តី ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយពល និងបញ្ញាញាណ ព្រមទាំង បានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ»។

ការទទួលគោរមងារជា សម្តេចសេដ្ឋវិទូភក្តី ពិតជាស័ក្តិសមបំផុតចំពោះកិត្តិគុណវុឌ្ឍរបស់ សម្តេច ដែលបាន រៀបចំគោលនយោបាយសេដ្ឋកិច្ចជាតិ និងហិរញ្ញវត្ថុ ការងាររៀបចំកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការងារ ជំរុញផលិតភាពរបស់កម្ពុជា ប្រកបដោយស័ក្តិសិទ្ធិភាព ប្រសិទ្ធភាព បរិយាបន្ន និងចីរភាព សំដៅលើកស្ទួយកម្រិត ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ពិសេសធានា បាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចរសេដ្ឋវិទូភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចសេដ្ឋវិទូភក្តី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា»៕