សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
08-03-2026 09:20
(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋសភាទាំងអស់ សូមផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរពដោយស្មោះអស់ពីដួងចិត្ត និងការគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតចំពោះគំរូវីរភាពដ៏ប្រពៃថ្លៃថ្លារបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលជាឥស្សរជនកំពូលជាតិស្ត្រីដ៏ឆ្នើមមួយរូប ដោយបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារសន្តិភាព និងសន្តិសុខពេញលេញនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះផ្តល់លទ្ធភាពឱ្យ “ស្ត្រី និងគ្រួសារ» រស់នៅប្រកបដោយសុភមង្គល គ្មានការរើសអើងលើស្ត្រី គ្មានអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាចនិងតួនាទីស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ព្រមទាំងការចូលរួមក្នុងកិច្ចការសង្គមប្រកបដោយសេចក្តីធន់ និងបរិយាបន្ន។
ជាពិសេស សម្ដេចកិត្តិសង្គហបណ្ឌិត បានចូលរួមក្នុងបេសកកម្មថែរក្សាសន្តិសុខទាំងបែបប្រពៃណី និងមិនមែនប្រពៃណី ដើម្បីលើកកម្ពស់ភាពសុខក្សេមក្សាន្ត ជីវភាពគ្រួសារសម្បូរធូរធារ និងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





