លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦
08-03-2026 09:36
(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទ្រីភាពគ្រុប បានផ្ញើសារលិខិតជូនពរ គោរពជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃ ការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» យើងខ្ញុំ សូមសម្តែងនូវគារវកិច្ចប្រកបដោយភក្តីភាព និងសូមជូនពរបវរមហាប្រសើរថ្លៃថ្លាចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត។
នាទិវាដ៏ឧត្តុង្គឧត្តមជាសកលនេះ យើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ និងការគោរពកោត សរសើរដោយស្មោះចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលកន្លងមកនេះ សម្តេច មានគុណបំណាច់ដ៏ធំធេង ចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» ជាពិសេស សម្តេច បានជម្នះគ្រប់ឧបសគ្គ និងខិតខំប្រឹងប្រែង លះបង់ យកអស់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយភាពអង់អាចក្លាហាន និងឆន្ទៈដ៏មោះមុត ក្នុងការចូលរួម ចំណែកយ៉ាងសំខាន់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន «បិតាស្ថាបនិកសន្តិភាពនៅកម្ពុជា» ក្នុងដំណើរស្វែងរកនូវ សុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា សម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
សម្តេច មិនត្រឹមតែជាថ្នាក់ដឹកនាំស្ត្រីដ៏ឆ្នើមរបស់កម្ពុជាដែលប្រកបដោយ ព្រហ្មវិហារធម៌ និងចរិយាធម៌ដ៏ប្រពៃ ថ្លៃថ្លាប៉ុណ្ណោះទេ ប៉ុន្តែ សម្តេច ថែមទាំងជាមាតា និងជាជីដូន ដែលប្រកបដោយគុណធម៌ និងភាពជាអ្នកដឹកនាំ សម្រាប់ជាគំរូដល់ស្ត្រីគ្រប់រូបផងដែរ។
យើងខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំង វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ ប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខ គ្រប់ប្រការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបតែនឹង ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា៕




