ឯកឧត្តម អូស្មាន ហាស្សាន់ ទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦
08-03-2026 11:23
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវអំណរសាទរ និងកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជគុណូបការៈ និងមហាករុណាទិគុណដ៏ថ្លៃថ្លាឧត្តុង្គឧត្តមប្រកបដោយព្រះព្រហ្មវិហារធម៌ និងក្តីមេត្តាធម៌ដល់កូនចៅប្រជារាស្ត្រ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
នាឱកាសដ៏ថ្លៃថ្លាមហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិ សូមបួងសួងពី អល់ឡោះជាម្ចាស់ សូមព្រះមេត្តាប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខមហា ប្រសើរថ្វាយជូន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាង រយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរអល់កាលជានិច្ចនិរន្តរ៍តរៀងទៅ។
សូមសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់ព្រះមេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ និងភរិយា។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស៕





