ឯកឧត្តម អូស្មាន ហាស្សាន់ ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦

08-03-2026 11:44

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងភរិយា បានផ្ញើសារលិខិតជូនពរគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦។

នៅក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ខ្ញុំបាទ និងភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រោសប្រទាន ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលដឹកនាំចលនាមនុស្សធម៌ នៃកាកបាទក្រហមកម្ពុជា ឱ្យកាន់តែរីកចម្រើនដោយឥតឈប់ឈររហូតតទៅ។

ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទ និងភរិយា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី មិនខ្លាច នឿយហត់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងការយកចិត្តទុកដាក់លើប្រជាពលរដ្ឋទាំងមូលតាមរយៈ សកម្មភាពមនុស្សធម៌ ផ្តល់កិច្ចគាំពារសង្គម ការលើកកម្ពស់ស្ត្រី ទប់ស្កាត់ការធ្វើអាជីវកម្មផ្លូវភេទ ចូលរួមដោះស្រាយនូវរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ជនងាយរងគ្រោះដូចជាស្ត្រី និងកុមារជាដើម។

ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រទានពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមទទួលបាន នូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួនជារៀងរហូតតទៅកុំបីឃ្លៀងឃ្លាតឡើយ៕