ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦

08-03-2026 11:45

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងភរិយា បានផ្ញើសារលិខិតជូនពរ គោរពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦។

នៅក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ខ្ញុំ និងភរិយា សូមបួងសួងពីអល់ឡោះជាម្ចាស់ មេត្តាប្រោសប្រទានពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខមហា ប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះចំពោះកិច្ច ខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តដ៏មោះមុតរបស់ លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់អស់ពី កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងសមាគមកាយឫទ្ធិ នារីកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានការសាទរ និងការគាំទ្រ យ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ជាថ្មីម្តងទៀត ខ្ញុំ និងភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រទានពរជ័យជូន លោកជំទាវ បណ្ឌិត ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ជាទីស្រលាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួនជារៀងរហូតតទៅកុំបីឃ្លៀងឃ្លាតឡើយ៕