ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦

08-03-2026 14:00

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ដ្រីរាជការទាំងអស់ បានផ្ញើសារលិខិតជូនពរគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦។

នៅក្នុងឱកាសដ៏មហានក្ខត្តឬក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃ ការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» យើងខ្ញុំ សូមសម្តែងនូវគារវកិច្ចប្រកបដោយភក្តីភាព និងសូមជូនពរបវរមហាប្រសើរថ្លៃថ្លា ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

នាទិវាដ៏ឧត្តុង្គឧត្តមជាសកលនេះ យើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ និងការគោរពកោត សរសើរដោយស្មោះចំពោះគំរូវីរភាពដ៏គួរឱ្យស្ញប់ស្ញែងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងបេសកកម្មដ៏អង់អាច មោះមុត ក្នុងការដឹកនាំការងារកាកបាទក្រហមនៅកម្ពុជា ប្រកបដោយគុណធម៌ ទឹកចិត្តអាណិតស្រលាញ់ និង សេចក្តីសន្តោស ប្រណីដ៏ជ្រាលជ្រៅបំផុត ចំពោះជនរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះគ្រប់រូប សម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ម្យ៉ាងវិញទៀត ក្នុងតួនាទីដ៏ឧត្តុង្គ ឧត្តមរបស់ សម្តេច ទាំងក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ, សម្តេចបានចូលរួមចំណែកយ៉ាងធំធេងមិនខ្លាច នឿយហត់ធ្វើយ៉ាងណាដើម្បីលើកកម្ពស់គុណតម្លៃ សីលធម៌ សេចក្តីថ្លៃថ្នូរ ភាពអង់អាច និងតួនាទីរបស់ស្ត្រីនៅ ក្នុងសង្គមឱ្យមាន សមភាព និងប្រកបដោយបរិយាបន្ន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាឥស្សរជនគំរូដ៏ឆ្នើម របស់កម្ពុជា និងជានិមិត្តរូបនៃការងារមនុស្សធម៌នៅកម្ពុជា ដែលជាគំរូដ៏ឧត្តុង្គឧត្តមដល់ស្ត្រីគ្រប់រូប។

យើងខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំង វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ ប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខ គ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង បុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា៕