ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦
08-03-2026 14:03
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ដ្រីរាជការទាំងអស់ បានផ្ញើសារលិខិតជូនពរ គោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦។
នៅក្នុងឱកាសដ៏មហានក្ខត្តឬក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃ ការរំលឹកខួបលើក ទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ ស្ត្រី និងគ្រួសារ» យើងខ្ញុំ សូមសម្តែងនូវគារវកិច្ចប្រកបដោយភក្តីភាព និងសូមជូនពរបវរមហា ប្រសើរថ្លៃថ្លាចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី។
នាទិវាដ៏ឧត្តុង្គឧត្តមជាសកលនេះ យើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ និងការគោរព កោតសរសើរ ដោយស្មោះចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលជាឥស្សរជនស្ត្រីជាន់ខ្ពស់ មួយរូបរបស់កម្ពុជា ដែលមាន គុណបំណាច់យ៉ាងធំធេងចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» ជាពិសេស សម្តេច តែងតែជម្នះរាល់ឧបសគ្គផងទាំងពួងក្នុងការដឹកនាំស្ថាប័នរដ្ឋសភាដ៏ឧត្តុង្គឧត្តម សម្រេចបាននូវ សមិទ្ធផលថ្មីៗដ៏ត្រចះត្រចង់ជូន ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ប្រកបដោយឆន្ទៈអង់អាចរមោះមុត ស្មោះស្ម័គ្រ និងស្មារតីតម្កល់ផលប្រយោជន៍ជាតិជាធំ។
មិនត្រឹមតែប៉ុណ្ណោះ សម្តេច មិនត្រឹមតែជាថ្នាក់ ដឹកនាំស្ត្រីដ៏ឆ្នើមមួយរូបរបស់កម្ពុជាដែលប្រកបដោយ ព្រហ្មវិហារធម៌ និងភាពជាអ្នកដឹកនាំដ៏គួរឱ្យគោរព ស្ញប់ស្ញែងប៉ុណ្ណោះទេ ប៉ុន្តែ សម្តេច ថែមទាំងជាឧត្តមភរិយា ជាមាតា និងជាជីដូន ដែលប្រកបដោយគុណធម៌ និងចរិយាធម៌សម្រាប់ជាគំរូដល់ស្ត្រីគ្រប់រូបផងដែរ។
យើងខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ ប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និង ក្រុមគ្រួសារ ព្រមទាំង បុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា៕





