ឯកឧត្តម អូស្មាន ហាស្សាន់ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

08-03-2026 15:10

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងភរិយា ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ក្នុងសារលិខិត ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់បានលើកឡើងថា៖ នៅក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នេះ ខ្ញុំបាទ និងភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រោសប្រទាន ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមទទួលបាននូវ សុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទ និងភរិយា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត មិនអាចកាត់ថ្លៃបានជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ឈ្លាសវៃ ប៉ិនប្រសប់ក្នុងការ ផ្សះផ្សារបង្រួបបង្រួមជាតិឱ្យមានសុខសន្តិភាព និងការតស៊ូលះបង់សព្វបែបយ៉ាងដើម្បីប្តូរយកសន្តិភាព ស្ថិរភាព និងឯកភាពជាតិពេញលេញ។ ទន្ទឹមគ្នានេះ ការលះបង់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងការរួមចំណែក ស្តារ និងកសាងប្រទេសក្រោយទទួលបានជ័យជម្នះថ្ងៃ ៧មករា ដោយចាប់ផ្តើមពីចំណុចសូន្យរហូតមានអ្វីៗគ្រប់ យ៉ាង ដែលជាស្នាដៃគំរូសម្រាប់អ្នកបន្តវេនជំនាន់ក្រោយបានសិក្សារៀនសូត្រ។

ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រទានពរជ័យជូន សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួនជារៀងរហូតតទៅកុំបីឃ្លៀងឃ្លាតឡើយ។