ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

08-03-2026 15:49

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិប​ត្តិការអន្តរជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្វាយនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌ចំពោះព្រះករុណាទិគុណដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចម៉ែ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យ ដើម្បីលើកស្ទួយសន្តិភាព និងសន្តិសុខ ព្រមទាំងគង់នៅជាម្លប់ដ៏ត្រជាក់ត្រជំដល់មហាគ្រួសារខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដោយធានាបាននូវនិរន្តរភាពនៃឯកភាពជាតិ និងសាមគ្គីជាតិ ដែលជាសសរស្តម្ភដ៏រឹងមាំផ្តល់លទ្ធភាពឱ្យ «ស្ត្រីនិងគ្រួសារ» រស់នៅដោយសេចក្តីសុខក្សេមក្សាន្ត សុខដុមរមនា គ្មានការរើសអើង គ្មានអំពើហិង្សាក្នុងគ្រួសារ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាច និងតួនាទីស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ព្រមទាំងការចូលរួមរបស់ «ស្ត្រីនិងក្មេងស្រី» ក្នុងកិច្ចការសង្គមប្រកបដោយសេចក្តីធន់ និងបរិយាបន្ន។ ជាពិសេស ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យគង់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចូលរួមព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមបំផុតក្នុងការតម្កល់ផលប្រយោជន៍ជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គ។

ទូលបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ សម្តេចឪ «ព្រះបរម រតនកោដ្ឋ» សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងអភិបាលប្រោះព្រំប្រទានសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយចំពោះ សម្តេចម៉ែ «ហ្លួងម៉ែ» ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕