ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

08-03-2026 15:53

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិប​ត្តិការអន្តរជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមផ្ញើសារជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តប្រកបដោយមោទកភាពយ៉ាងក្រៃលែងចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការដឹកនាំចលនាកាកបាទក្រហមកម្ពុជា ឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងការលើកតម្កើងគុណតម្លៃ និងតួនាទីស្ត្រីកម្ពុជាឱ្យមានការយល់ដឹង និងទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការថែរក្សាសន្តិភាព និងសន្តិសុខនៅកម្ពុជា ដែលជាសសរស្ដម្ភដ៏រឹងមាំផ្តល់លទ្ធភាពឱ្យ «ស្រ្តីនិងគ្រួសារ» រស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ សុភមង្គល គ្មាន់ការរើសអើងលើស្ត្រី គ្មានអំពើហិង្សាក្នុងគ្រួសារ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ កំរពង្រឹងសិទ្ធិ អំណាច និងតួនាទីស្ត្រីក្នុងការធ្វើសេចក្តីស់ម្រេចចិត្ត ព្រមទាំងការចូលរួមរបស់ «ស្រ្តីនិងក្មេងស្រី» ក្នុងកិច្ចការសង្គមប្រកបដោយសេចក្តីធន់ និងបរិយាបន្ន។

ជាងនេះទៅទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាឥស្សរជនស្ត្រីទីមួយដ៏ឆ្នើម និងជានិមិត្តរូបនៃការងារមនុស្សធម៌នៅកម្ពុជា ដែលតែងតែរួមសុខរួមទុក្ខជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងគ្រប់កាលៈទេសៈនៃការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសន្តិភាព វឌ្ឍនភាព វិបុលភាព និងកសាងសមិទ្ធផលជាតិជាច្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕