ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
08-03-2026 15:54
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមផ្ញើសារជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានយកអស់ កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដឹកនាំស្ថាប័នរដ្ឋសភា ឱ្យបន្តសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាតិធំៗជាច្រើន ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ចេញសម្លេងដ៏មុះមុត និងច្បាស់លាស់លើឆាកអន្តរជាតិ អំពីគោលជំហររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងការទូត សម្ដៅការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងខ្សែបន្ទាត់ព្រំដែនពីខ្មាំងសត្រូវឈ្លានពាន ដែលនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីចំណេះដឹង សមត្ថភាព ទេពកោសល្យ និងតួនាទីដ៏សំខាន់របស់ស្ត្រីខ្មែរ ក្នុងការចូលរួមដឹកនាំជាតិមាតុភូមិ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




