ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

08-03-2026 15:56

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិប​ត្តិការអន្តរជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមផ្ញើសារជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍នៃកាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះគំរូវីរភាពដ៏ឆ្នើមរបស់ លោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតីប្រកបដោយគតិបណ្ឌិតថ្លៃថ្លាក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រលើវិស័យមនុស្សធម៌ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។

ជាងនេះទៅទៀត លោកជំទាវបណ្ឌិត ជាកុលធីតាខ្មែរដ៏ឆ្នើមមួយរូប ជាឧត្តមភរិយា និងជាមាតាដ៏ល្អប្រពៃប្រកបដោយចរិយាធម៌ សង្គហធម៌ និងពោរពេញដោយគំនិតឈ្លាសវៃ ក្នុងការរួមចំណែកដឹកនាំកាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ព្រមទាំងដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា សំម្រេចបាននូវសមិទ្ធផលធំៗជាច្រើន សំដៅនាំមកនូវសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងលើគ្រប់វិស័យ ដែលជាសសរស្តម្ភដ៏រឹងមាំផ្តល់លទ្ធភាពឱ្យ «ស្រ្តីនិងគ្រួសារ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល គ្មានការរើសអើងលើស្ត្រី គ្មានអំពើហិង្សាក្នុងគ្រួសារ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាចនិងតួនាទីស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ព្រមទាំងការចូលរួមរបស់ «ស្រ្តីនិងក្មេងស្រី» ក្នុងកិច្ចការសង្គមប្រកបដោយសេចក្តីធន់ និងបរិយាបន្ន។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត និង សម្តេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕