សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

12-04-2026 19:19

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។

សារលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូច្នេះថា៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ សូមគោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេចពិជ័យសេនា សូមប្រកបដោយសុខភាព ល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសូមសម្រេចបាននូវជោគជ័យ ថ្មីៗបន្តទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើជាតិមាតុភូមិ។

ខ្ញុំសូមបាទគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចពិជ័យសេនា ដែលបានលះបង់ ពេលវេលាដ៏មានតម្លៃ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងឯកភាពជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការស្តារ និងអភិវឌ្ឍជាតិ ជួយលើកស្ទួយ និងការពារលទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស ការពារនិរន្តរភាពរាជានិយម ប្រកបដោយស្វាមីភក្តិចំពោះ រាជបល្ល័ង្ក ស្នេហាជាតិ ប្រជាជន និងព្រះមហាក្សត្រ ព្រមទាំងសម្រេចបាននូវសមិទ្ធផលធំៗជា ច្រើនជូនជាតិ។

នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាម រាក្យសាទេវី សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេចពិជ័យ សេនា និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕