សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

12-04-2026 19:25

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។

សារលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូច្នេះថា៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំង នគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំបាទមានសេចក្តីសោមនស្ស រីករាយ សូមគោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេចវិបុលសេនាភក្តី សូមបាន ប្រកបនូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ និងសម្រេចបាននូវជោគជ័យថ្មីៗបន្តទៀត ក្នុង ភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។

ខ្ញុំសូមបាទគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចវិបុលសេនាភក្តី ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ចូលរួមចំណែក ការពារ និងរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម ឯកភាពជាតិ និងបានលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ ព្រមទាំងមានភក្តីភាព និងសច្ចភាព ចំពោះរាជបល្ល័ង្ក ជាតិ ប្រជាជន និងព្រះមហាក្សត្រ។ មិនត្រឹមតែប៉ុណ្ណោះ នាពេលកន្លងមក សម្តេចវិបុលសេនាភក្តី បានដឹកនាំស្ថាប័នព្រឹទ្ធសភា ដែល ជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗ ជាច្រើនជូនជាតិ ព្រមទាំងបន្តលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិ។

នៅក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាម រាក្យសាទេវី សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេចវិបុល សេនាភក្តី និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕