សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

12-04-2026 19:26

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សូមផ្ញើសារលិខិតគោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។

សារលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូច្នេះថា៖ « នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំង នគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំបាទមានសេចក្តីសោមនស្ស រីករាយ សូមគោរពជូនពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេចក្រឡាហោម សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសូមសម្រេចបាន នូវជោគជ័យថ្មីៗបន្តទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។

ខ្ញុំសូមបាទគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចក្រឡាហោម ដែលបានលះបង់ ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីដ៏មុតមាំ ក្នុងការរួមចំណែកដ៏ឧត្តុង្គឧត្តមជួយ ដឹកនាំប្រទេសជាតិ ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងឯកភាព ជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជួយលើកស្ទួយនិងការពារលទ្ធិប្រជាធិបតេយ្យ មានសន្តិសុខ សង្គមល្អប្រសើរ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី និងសម្រេចបាននូវ សមិទ្ធផលធំៗជាច្រើនជូនជាតិ ជាពិសេសលើកតម្កើងកិត្តិយសជាតិលើឆាកអន្តរជាតិ។

នៅក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាម រាក្យសាទេវី សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូន សម្តេច ក្រឡាហោម និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕