លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
13-04-2026 14:36
(ភ្នំពេញ)៖ លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ សូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិ ដើម្បីព្រះអង្គទ្រង់គង់ ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿង របស់មាតុភូមិកម្ពុជាជាទីស្នេហា និងប្រជានុរាស្ត្រ ដើម្បីបន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាង រយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិផងទាំងពួង ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជុំឧត្ដុង្គឧត្ដមរុងរឿង សម្រាប់មាតុភូមិខ្មែរ៕






