ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ញើសារលិខិតគោរពជូនពរសម្តេច ហេង សំរិន, សម្តេច សាយ ឈុំ, សម្តេច ស ខេង, សម្តេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី
13-04-2026 15:24
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
ក្នុងឱកាសដ៏មហាសិរីមង្គលថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយអបអរសាទរ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស.២០២៦ ខាងមុខនេះ ខ្ញុំបាទ និងភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូន ចំពោះ សម្តេចទាំង៥ សូមទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ បញ្ញាញាណវាងវៃជន្មាយុយឺនយូរ។
ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទ និងភរិយា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត មិន អាចកាត់ថ្លៃបានជូនចំពោះ សម្តេចទាំង៥ ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ឈ្លាសវៃប៉ិនប្រសប់ ក្នុងការ ផ្សះផ្សា បង្រួបបង្រួមជាតិឱ្យមានសុខសន្តិភាព និងការតស៊ូលះបង់សព្វបែបយ៉ាងដើម្បីប្តូរយកសន្តិភាព ស្ថិរភាព និង ឯកភាពជាតិពេញលេញ។ ទន្ទឹមគ្នានេះ ការលះបង់របស់ សម្តេចទាំង៥ ក្នុងការរួមចំណែកស្តារ ងកសាងប្រទេសក្រោយទទួលបានជ័យជម្នះថ្ងៃ ៧មករា ដោយចាប់ផ្តើមពីចំណុចសូន្យ រហូតមានអ្វីៗគ្រប់យ៉ាង ដែលជាស្នាដៃគំរូសម្រាប់អ្នកបន្តវេនជំនាន់ក្រោយបានសិក្សារៀនសូត្រ។
ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រទានពរជ័យជូន សម្តេចទាំង៥ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួនជារៀងរហូតតទៅកុំបី ឃ្លៀងឃ្លាតឡើយ។














