សមាជិក-សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា ផ្ញើរសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
14-04-2026 12:19
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហោឡារិកឧត្តុង្គឧត្តម នៃពិធីទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៤៧០ គ.ស.២០២៦នេះ យើងខ្ញុំជាសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តីសិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានជន្មាយុយឺនយូរ ដើម្បីដឹកនាំក្នុងបុព្វហេតុមនុស្សធម៌នាំមុខគេនៅកម្ពុជា ជារៀងដរាបតទៅ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នានៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវគារវកិច្ច ដឹងគុណដ៏ធំធេង និងក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប្រធាន ដែលត្រូវបានសាធារណជនប្រសិទ្ធនាមថា “មាតាមនុស្សធម៌” ជានិមិត្តរូបនៃឧត្តមភរិយា ជាមាតាដ៏ល្អ និងជាជីដូនប្រកបដោយព្រហ្មវិហារធម៌ ចរិយាល្អប្រពៃ និងជានិច្ចកាលប្រកាន់ខ្ជាប់ឆន្ទៈមនុស្សធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការគោរពព្រះពុទ្ធសាសនា ហើយតែងតែរួមសុខរួមទុក្ខជាមួយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងគ្រប់កាលៈទេសៈនៃការដឹកនាំនាវាកម្ពុជា រហូតមាន សុខសន្តិភាពពេញបរិបូរណ៍ វឌ្ឍនភាព វិបុលភាព និងសមិទ្ធផលសង្គមរីកដុះដាលពាសពេញផ្ទៃប្រទេស ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឱកាសសិរីសួស្តីជ័យមង្គលដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





