ទូលព្រះបង្គំ អូស្មាន ហាស្សាន់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ
18-04-2026 20:05
(ភ្នំពេញ)៖ ទូលព្រះបង្គំ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តាត (prostate cancer) ដែលនឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ទូលព្រះបង្គំមានសេចក្តីកង្វល់ និងព្រួយបារម្ភជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងដ៏សោកសៅថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មានព្រះរោគមហារីកនៅក្រពេញ ប្រូស្តាត តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ជាទីបំផុត ពីក្រុមគ្រូពេទ្យនៃមន្ទីរពទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ទូលព្រះបង្គំសូមបួងសួងដល់ ព្រះអល់ឡោះជាម្ចាស់ សូមជួយបីបាច់ថែរក្សា ការពារ អភិបាល ប្រោះព្រំនូវប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុត ពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់គ្រងព្រះបរមសិរិរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ សម្បូរសប្បាយ ចម្រុងចម្រើន រុងរឿងរបស់ជាតិមាតុភូមិជាទីស្នេហា និងប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ព្រះអល់ឡោះជាម្ចាស់ មេត្តាប្រោះព្រំថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទទួលបានភាពជោគជ័យ ក្នុងការវះកាត់ព្យាបាលព្រះរោគ ពីសំណាក់ក្រុមគ្រូពេទ្យដ៏ពិសេសនៃមន្ទីរពទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ច និងកត្តញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពី ទូលព្រះបង្គំ៕





