សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង ថ្វាយព្រះពរព្រះមហាក្សត្រ ឆាប់បានជាសះស្បើយពីព្រះរោគាព្យាធិ
18-04-2026 20:03
(ភ្នំពេញ)៖ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈសង្ឃពុទ្ធសាសនាកម្ពុជា ថ្វាយព្រះពរដល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គឆាប់បានជាសះស្បើពីព្រះរោគព្យាធិ។
សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង ព្រមទាំងគណៈសង្ឃពុទ្ធសាសនាកម្ពុជា សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត សូមព្រះអង្គទ្រង់ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តព្រះរាជកិច្ចដ៏ឧត្ដុង្គឧត្តមក្នុងបុព្វហេតុ ជាតិមាតុភូមិ និងប្រជារាស្ត្រ ជាពិសេសបន្តគង់ប្រថាប់ជាព្រះនិមិត្តរូបដ៏ពិសិដ្ឋនៃឯករាជ្យ ឯកភាពជាតិ កិត្យានុភាព អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កុំបីឃ្លៀងឃ្លាតឡើយ។
សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង ព្រមទាំងគណៈសង្ឃពុទ្ធសាសនាកម្ពុជា សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ឆាប់បានជាសះស្បើយពីព្រះរោគាព្យាធិ និងបានយាងនិវត្តន៍ មកមាតុប្រទេសវិញក្នុងពេលឆាប់ៗ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមសម្រាប់ប្រជារាស្ត្រខ្មែរជានិរន្តរ៍តរៀងទៅ៕








