ទូលព្រះបង្គំ លឹម ជាវុត្ថា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ
21-04-2026 15:56
(ភ្នំពេញ)៖ ទូលព្រះបង្គំ លឹម ជាវុត្ថា ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយពីបានទទួលដំណឹង តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង និងការបង្ហោះសារ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មកថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលការវះកាត់ប្រកបដោយជោគជ័យ ហើយព្រះរាជសុខភាពព្រះអង្គបានប្រសើរច្រើន។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើកករប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គមេត្តាប្រោះព្រំប្រោស ប្រទានព្រះរាជសព្ទសាធុការពរ និងអភិបាលថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឆាប់ជាសះស្បើយពីព្រះរោគ និងសូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ដើម្បីបានគង់ប្រថាប់យូរអង្វែង នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ក្សេមក្សាន្ត ត្រជាក់ត្រជំ សុខដុមរមនារបស់ប្រជានុរាស្ត្រខ្មែរគ្រប់រូប ជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវកិច្ចដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់បំផុតស្មើជីវិតពី ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕




