សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីរំភើបរីករាយ និងត្រេកអរឥតឧបមា ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ
21-04-2026 17:03
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីបានទទួលដំណឹងអំពីភាពជោគជ័យក្នុងការវះកាត់ ព្យាបាលព្រះរោគរបស់ព្រះអង្គ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានខ្លឹមសារថា៖ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកាគណៈកម្មាធិ ការកណ្តាល និងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូមលំឱនកាយក្រាបថ្វាយបង្គំសម្តែងនូវសេចក្តីរំភើបរីករាយ និងត្រេកអរឥតឧបមា បន្ទាប់ពីបានទទួលដំណឹងអំពីភាពជោគជ័យក្នុងការវះកាត់ ព្យាបាលព្រះរោគ និងភាពចាំបាច់នៃការបន្តគង់ប្រថាប់មួយរយៈពេលក្រោយការវះកាត់ ដើម្បីតាមដាន និងថែទាំព្រះរាជសុខភាព ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយក្រុមគ្រូពេទ្យចំណានៗ និងមានបទពិសោធន៍ខ្ពស់ របស់មន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី តេជះព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាពិសេស ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមព្រះមេត្តាប្រោសប្រទានព្រះរាជសព្ទសារធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គឆាប់មានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួនឡើងវិញ ដើម្បីព្រះអង្គយាងនិវត្តន៍មកបន្តគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាមហាម្លប់ដ៏ត្រជាក់ត្រជំ សុខសាន្ត និងភាពសម្បូរសប្បាយរុងរឿង ថ្កុំថ្កើងដល់កូន ចៅ ចៅទួតរបស់ព្រះអង្គដ៏យូរអង្វែរតរៀងទៅ។
សូម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តា ទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត និងគារវភក្តីភាពដ៏ស្មោះស្ម័គ្រ ពីខ្ញុំម្ចាស់ និងទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕





