ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ
02-06-2026 21:32
(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ។
វិធានការស្របច្បាប់អន្តរជាតិនេះ គឺជាការសម្រេចចិត្តដ៏ចាំបាច់បំផុត បន្ទាប់ពីភាគីថៃបានប្រកាសលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលធ្វើឱ្យកិច្ចចរចាទ្វេភាគីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ត្រូវជាប់គាំងអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ។
ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ថា ការផ្តើមអនុវត្តយន្តការផ្សះផ្សាដោយបង្ខំនេះ គឺជាភស្តុតាងដ៏ ពិតប្រាកដបញ្ជាក់ពីជំហរ និងឆន្ទៈដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដែនសមុទ្រជាមួយភាគីថៃដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដែលនឹងធានានូវដំណោះស្រាយមួយដ៏យុត្តិធម៌ ឯករាជ្យ សន្តិភាព និងយូរអង្វែង ខណៈដែលកម្ពុជាបានខិតខំប្រឹងប្រែងប្រើប្រាស់អស់លទ្ធភាពក្នុងក្របខ័ណ្ឌនៃការចរចាទ្វេភាគីរួចមកហើយនោះ។
យើងមានជំនឿយ៉ាងមុតមាំថា យន្តការដោះស្រាយវិវាទស្របតាមច្បាប់អន្តរជាតិនេះនឹងបង្កើតបាននូវ បរិយាកាសគតិយុត្តិមួយដ៏ច្បាស់លាស់ ប្រកបដោយស្ថិរភាព និងយុត្តិធម៌ ដែលមិនត្រឹមតែធានាបានអធិបតេយ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏រឹងមាំឈានទៅរកការរក្សាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជានិរន្តរ៍ ទាំងក្របខណ្ឌទ្វេភាគី និងក្នុងតំបន់។
ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គ្រប់និន្នាការនយោបាយ សូមចូលរួមប្រកៀកស្មាគ្នាជាធ្លុងមួយ មានសាមគ្គីភាព ឯកភាពជាតិ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងបេសកកម្មការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ៕






