សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

17-06-2026 15:27

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា។

តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតសម្តែងនូវមនោសញ្ចេតនា និងអភិនន្ទនាការសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី «ហ្លួងម៉ែ» សូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពី ព្រះរោគាព្យាធិនានាជាយូរអង្វែងតរៀងទៅ»។

ឆ្លៀតក្នុងវរោកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្វាយនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះ «ហ្លួងម៉ែ» ដែលបានបំពេញព្រះរាជកិច្ចប្រកបដោយព្រះរាជគតិបណ្ឌិត ទ្រង់បំពេញទសពិធរាជធម៌ និងព្រះរាជសកម្មភាពលះបង់ និងព្រះរាជសកម្មភាពលះបង់ព្រះកាយពល និងព្រះ បញ្ញាញាណ ព្រមទាំងព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គក្នុងព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម និងគង់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់មហាគ្រួសារខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រកបដោយព្រះទ័យស្នេហាជាតិមាតុភូមិ ដ៏ខ្ពង់ខ្ពស់ និងមានព្រះរាជមនសិការសាមគ្គីជាតិ និងឯកភាពជាតិជាធ្លុងមួយ។ ជាពិសេសតាមរយៈព្រះរាជ សកម្មភាពក្នុងវិស័យមនុស្សធម៌ និងសុខុមាលភាពសង្គម ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រ ដោយព្រះទ័យសន្តោសប្រណី និងព្រហ្មវិហារធម៌បវរប្រពៃ ធ្វើឱ្យប្រជានុរាស្ត្រខ្មែរជាទីស្រឡាញ់របស់ព្រះអង្គ រស់នៅក្នុងសុភមង្គល វិបុលភាព សន្តិភាព សម្បូរសប្បាយ និងសុខដុមរមនា សង្គមជាតិទទួលបាននូវការអភិវឌ្ឍ ថ្កុំថ្កើងរុងរឿងលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។

ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងបុណ្យ បារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងអភិបាល ប្រោះព្រំប្រទានសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយចំពោះ សម្តេច ព្រះមហាក្សត្រី «ហ្លួងម៉ែ» ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕